ពន្ធរដ្ឋកំពុងហូរចូលហោប៉ៅ បុគ្គលបែកធ្លាយរឿងអាស្រូវគយចល័តតំបន់ ៣ឈរចាំរាប់ ក្បាលឡានយកលុយក្រោមតុនៅស្រែអំបិល

ភ្នំពេញ÷នៅថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ២០២៦ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រមូលចំណូលពន្ធដើម្បីអភិវឌ្ឍជាតិ បែរជាមានការទម្លាយចេញនូវភាពមិនប្រក្រតីដ៏ធំមួយ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់មន្ត្រីគយចល័តតំបន់ ៣ ក្រោមការគ្រប់គ្រងរបស់លោក ហង្សវណ្ណ ប្រភពពីបណ្តាញសង្គម និងអាជីវករបានរាយការណ៍ព្រមៗគ្នាថា តំបន់ស្រែអំបិល និងវាលរេញ បានក្លាយជា “ប៉ុស្តិ៍ត្រួតពិនិត្យសេដ្ឋកិច្ចបុគ្គល” ច្រើនជាងការបម្រើផលប្រយោជន៍រដ្ឋ។

​ការកំណត់តម្លៃលើក្បាលឡាន ឡានកុងតឺន័រមួយគ្រឿងត្រូវបានគេរាយការណ៍ថាត្រូវបង់ចន្លោះពី ២៥០ទៅ៣០០ ដុល្លារ ជាថ្នូរនឹងការឆ្លងកាត់ ខណៈរថយន្តដឹកទំនិញតូចតាច (សាំយ៉ុង) ត្រូវបង់ពី ១៥ម៉ឺន ទៅ៣០ម៉ឺនរៀល ដោយគ្មានវិក្កយបត្រត្រឹមត្រូវ។
​ប្រភពបានអះអាងថា ក្នុងចំណោមទំនិញដែលត្រូវបង់ពន្ធ មានតែប្រមាណ ២០% ប៉ុណ្ណោះដែលចូលថវិការដ្ឋ ចំណែកឯ ៨០%ទៀតទំនងជាត្រូវរលាយចូលក្នុងប្រព័ន្ធ “យោគយល់” ក្រៅផ្លូវការ។
​ច្រករបៀងទំនិញគេចពន្ធតំបន់ ទំនប់រលកនិងស្ទឹងហាវ ទំនប់រលកឃុំនិងស្ទឹងហាវត្រូវបានគេដៅឈ្មោះថាជាច្រកដ៏សំខាន់សម្រាប់ទំនិញគេចពន្ធ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែមន្ត្រីគយចល័តតំបន់ ៣ បែរជាមើលរំលង រហូតមានការសង្ស័យថាជាការ “សម្ងំប្រមូលលុយស្រង់ដើម”។
ការផាកពិន័យតាមអំពើចិត្តដែលគ្មានតម្លាភាព (ចន្លោះពី ២,៥០០ ទៅ ៦,០០០ ដុល្លារ) កំពុងធ្វើឱ្យអាជីវករស្របច្បាប់ដង្ហើមចង្រិត និងប៉ះពាល់ដល់សេដ្ឋកិច្ចទីផ្សារ។

​រហូតមកដល់ពេលនេះ លោក ហង្ស វណ្ណ ប្រធានគយចល័តតំបន់ ៣ នៅមិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។