ខេត្តកំពង់ធំ៖ ខណៈដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងដុតដៃដុតជើងក្នុងការការពារធនធានធម្មជាតិ ផ្ទុយទៅវិញ បទល្មើសនេសាទខុសច្បាប់តាមរយៈរូបភាព “ហ៊ុំសម្រាស់” កំពុងកើតមានយ៉ាងពេញបន្ទុកនៅក្នុងភូមិសាស្ត្រស្ទឹងសែន ក្នុងស្រុកកំពង់ស្វាយ ដោយគ្មានការរំខានពីមន្ត្រីជំនាញឡើយ។
តាមការចុះយកព័ត៌មានផ្ទាល់របស់ក្រុមអ្នកសារព័ត៌មានយើង នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរកឃើញទីតាំងបទល្មើសជាក់ស្តែងនៅចំណុច អន្លង់តាផ្លុង់ ក្នុងឃុំកំពង់គោ និងចំណុចក្នុង ឃុំក្តីដួង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបភាពដែលក្រុមការងារថតបាន បង្ហាញពីការហ៊ុំព័ទ្ធសម្រាស់យ៉ាងអនាធិបតេយ្យ ដែលជាការបំផ្លិចបំផ្លាញពូជត្រីយ៉ាងធ្ងន់ធ្ងរ។
ការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ថា៖ ការចុះបង្ក្រាបកន្លងមកហាក់បីដូចធ្វើឡើងក្នុងរូបភាពជ្រើសរើសមុខសញ្ញា។ ប្រភពដដែលបន្តថា មន្ត្រីចុះទៅបង្ក្រាបតែទីតាំងណាដែលម្ចាស់មិនទាន់បាន “ជួប” សម្របសម្រួលជាមួយជំនាញជាមុនប៉ុណ្ណោះ ចំណែកអ្នកដែលបាន “ជួប” រួចរាល់ គឺអាចបន្តសកម្មភាពហ៊ុំសម្រាស់បានដោយរលូន និងមានសុវត្ថិភាព។
ប្រសិនបើការលើកឡើងនេះជាការពិត វាគឺជាការអនុវត្តច្បាប់តាមបែប “ស្តង់ដារពីរ” ឬ “ការណាត់ជួបជាមុន” ដែលផ្ទុយស្រឡះពីបទបញ្ជារបស់រាជរដ្ឋាភិបាល និងបំផ្លាញជំនឿចិត្តរបស់ពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់គោ និងឃុំក្តីដូង សូមគោរពអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិង លោកឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត មេត្តាដាក់ចេញនូវវិធានការណ៍ “ក្តៅ” ដើម្បីចុះពិនិត្យ និងបង្ក្រាបឱ្យចំគោលដៅ ដោយមិនមានការយោគយល់។
ការផ្សព្វផ្សាយនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងន័យស្ថាបនា ដើម្បីចូលរួមថែរក្សាមច្ឆាជាតិទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែជំរុញឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស។អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។ ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន


