(កំពង់ធំ)៖ ក្រោមការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយល់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម ហេង សុផលស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យផ្អាក និងបញ្ឈប់រាល់ការដាក់គោលដៅត្រួតពិនិត្យចរាចរណ៍នៅតាមបណ្តាផ្លូវលំក្នុងខេត្ត ដែលទង្វើនេះបានបង្ហាញពីវិជ្ជាជីវៈខ្ពស់ក្នុងនាមជាអ្នកបម្រើរាស្ត្រ។
យោងតាមការបញ្ជាក់ផ្ទាល់របស់ឯកឧត្តមស្នងការ បានឱ្យដឹងថា កន្លងមកថ្នាក់ដឹកនាំពុំដែលចេញគោលការណ៍ឱ្យមានការដាក់គោលដៅត្រួតពិនិត្យចរាចរណ៍នៅលើផ្លូវលំនោះឡើយ។ សកម្មភាពនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ចំពោះជីវភាព និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមជនបទ ដើម្បីចៀសវាងការបង្កការរំខានដែលមិនចាំបាច់។
លើសពីនេះទៅទៀត ឯកឧត្តម ហេងសុផល ស្នងការបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ២៖
ការចុះអនុវត្តការងាររបស់មន្ត្រីនៅតាមតំបន់ខ្លះ គឺត្រូវធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ និងណែនាំច្បាប់ចរាចរណ៍ ដើម្បីបង្កើនការយល់ដឹង។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះជួបពលរដ្ឋលើដងផ្លូវលំ គឺដើម្បី «អប់រំ» តែប៉ុណ្ណោះ មិនមែនដើម្បី «ផាកពិន័យ» យកថវិកានោះទេ។
ទង្វើប្រកបដោយគុណធម៌ និងភាពឆ្លាតវៃរបស់ឯកឧត្តមស្នងការ ត្រូវបានមហាជនចាត់ទុកថាជា គំរូនៃមន្ត្រីនគរបាលយុត្តិធម៌ ដែលមិនត្រឹមតែរឹតបន្តឹងច្បាប់ដើម្បីសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះបត់បែនតាមស្ថានភាពជាក់ស្តែង ដើម្បីការពារផលប្រយោជន៍ និងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូលផងដែរ។ដោយសំនៀង

