ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំមេមត់ ស្រុកមេមត់ កំពុងសម្តែងការមិនពេញចិត្ត និងដាក់ការសង្ស័យជាខ្លាំង ចំពោះចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីទីតាំងល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែង បានបើកដំណើរការយ៉ាងគ្រហឹមជារៀងរាល់ថ្ងៃអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែពុំមានការចុះបង្ក្រាបទាល់តែសោះ។
តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ទីតាំងល្បែងជល់មាន់ដុះស្លែនេះ បានអូសទាញមនុស្សម្នាមកពីគ្រប់ទិសទីឱ្យមកប្រមូលផ្តុំគ្នា លេងភ្នាល់ចាញ់ឈ្នះយ៉ាងពុះកញ្ជ្រោល។ ការណ៍នេះបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសខ្លាចកើតមាននូវអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ដែលផ្ទុយស្រឡះពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល។
ហេតុអ្វីបានជាទីតាំងល្បែងដ៏ធំបែបនេះ អាចឈរជើងបានយ៉ាងរឹងមាំជាច្រើនខែ? តើលោកអភិបាលស្រុក និងលោកអធិការនគរបាលស្រុកមេមត់ ពិតជាមិនដឹង ឬមាន “ខ្នងបង្អែក” ក្រាស់ទើបមិនហ៊ានប៉ះពាល់?
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងស្រុកមេមត់ សូមលើកម្រាមដៃដប់ សំណូមពរយ៉ាងទទូចដល់៖
លោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ
លោកឧត្តមសេនីយ៍ត្រី រត្ន័ ចាន់ណាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
មេត្តាជួយដាក់បញ្ជាឱ្យកម្លាំងជំនាញ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះដោយកណ្តាប់ដៃដែក ដើម្បីផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខជូនប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងច្បាប់ឱ្យមានប្រសិទ្ធភាព។
សាធារណជនសង្ឃឹមថា ក្រោយពីការចុះផ្សាយនេះ ថ្នាក់ដឹកនាំខេត្តនឹងមានវិធានការក្តៅ ដើម្បីលុបបំបាត់ល្បែងស៊ីសងដែលជាមេរោគសង្គមមួយនេះឱ្យអស់ពីមូលដ្ឋានស្រុកមេមត់។ដោយមុតចិត្រា ប្រម៉ាញ់ជាយដែន

