អាជីវកររអ៊ូរទាំរឿងស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ខេត្តព្រៃវែង ប្រែក្លាយជាកន្លែង “ថ្លឹងលុយ” ក្រោមក្រសែភ្នែកមន្ទីរសាធារណការ

​ព្រៃវែង៖ ក្រុមអាជីវករ និងអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពមិនប្រក្រតីរបស់មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលរងការចោទប្រកាន់ថា កំពុងអនុវត្តផ្ទុយពីច្បាប់អំពើពុករលួយ។ ទោះបីជារថយន្តដឹកមិនលើសទម្ងន់ក៏ដោយ ក៏មន្ត្រីនៅទីនោះតែងតែទាមទារ “ថ្លៃបាយទឹក ឬកាហ្វេ” ដែលក្លាយជាទម្លាប់អាក្រក់ និងជាបន្ទុកដល់អ្នករកស៊ី។
ប្រភពផ្ទៃក្នុងបានបង្ហើបថា សកម្មភាពនេះអាចមានការបើកដៃពីសំណាក់លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ទើបមន្ត្រីថ្នាក់ក្រោមហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ដោយសារការជំរិតទារប្រាក់ខ្ពស់ពេក អ្នកបើកបរមួយចំនួនបង្ខំចិត្តវាងទៅប្រើប្រាស់ផ្លូវតូចៗតាមភូមិ ដែលបណ្តាលឱ្យផ្លូវទាំងនោះខូចខាតមុនអាយុកាល។

​អាស្រ័យហេតុនេះ សាធារណជន និងក្រុមអាជីវករ សូមគោរពស្នើសុំដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ, ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះអង្កេត និងស្រាវជ្រាវករណីនេះឱ្យបានស៊ីជម្រៅ ដើម្បីពង្រឹងតម្លាភាព និងយុត្តិធម៌សង្គម។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ 
ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន