(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក បានសម្តែងការមិនពេញចិត្ត និងដាក់ការសង្ស័យលើការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីឃើញទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្តបើកដំណើរការយ៉ាងអនាធិបតេយ្យ។
តាមការលើកឡើងពីប្រភពព័ត៌មាននៅកៀកនឹងទីតាំងនោះបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងនេះបានបើកទ្វារស្វាគមន៍អតិថិជនឱ្យចេញចូលលេងទាំងយប់ទាំងថ្ងៃ ដោយគ្មានការរំខាន ឬការចុះបង្ក្រាបណាមួយពីសំណាក់សមត្ថកិច្ចក្នុងតំបន់នោះឡើយ។ ភាពមិនប្រក្រតីនេះ បានធ្វើឱ្យមហាជនដាក់ជាសំណួរថា៖ «តើអាជ្ញាធរមូលដ្ឋានពិតជាមិនដឹង ឬធ្វើជាមិនដឹង? ឬមួយម្ចាស់ទីតាំងមាន “មន្តអាគម” បំបាំងកាយទើបអាចគេចផុតពីភ្នែកសមត្ថកិច្ចបានយូរយ៉ាងនេះ?»
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋបានគោរពសំណូមពរយ៉ាងទទូចទៅដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការណ៍ក្តៅ និងបញ្ជាកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងលុបបំបាត់ល្បែងស៊ីសងដែលជាប្រភពនៃបទល្មើសផ្សេងៗ។
មហាជនសង្ឃឹមថា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់លោកស្នងការរាជធានីភ្នំពេញ ទីតាំងល្បែងអនឡាញនៅផ្លូវលេខ ៨២ នេះ នឹងត្រូវបង្ក្រាបក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើងវិញ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។


