អគ្គិភ័យឆាបឆេះសិប្បកម្មដុតធ្យូងអនាម័យនៅស្រុកបាណន់ ត្រូវបានពន្លត់ទាំងស្រុង ក្រោមអន្តរាគមន៍ពីកម្លាំងចម្រុះ

​ខេត្តបាត់ដំបង៖ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋានស្រុកចំនួន ៤ បានបើកប្រតិបត្តិការអន្តរាគមន៍យ៉ាងទាន់ពេលវេលា ដើម្បីគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបានឆាបឆេះសិប្បកម្មចំហុយឈើ និងដុតធ្យូងអនាម័យមួយកន្លែង កាលពីយប់មិញ។

​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ម្ចាស់ទីតាំងដែលរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ទី គឹមអៀង ភេទប្រុស អាយុ ៥៩ឆ្នាំ។

​ប្រតិបត្តិការសង្គ្រោះ និងមធ្យោបាយប្រើប្រាស់
​ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការរង និងលោកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ០៧គ្រឿង រួមមាន៖
​ស្នងការដ្ឋានខេត្តបាត់ដំបង៖ ០៣ គ្រឿង
​អធិការដ្ឋាននគរបាលស្រុកបាណន់៖ ០១ គ្រឿង
​អធិការដ្ឋាននគរបាលស្រុកសង្កែ៖ ០១ គ្រឿង
​អធិការដ្ឋាននគរបាលស្រុកឯកភ្នំ៖ ០១ គ្រឿង
​អធិការដ្ឋាននគរបាលស្រុកថ្មគោល៖ ០១ គគ្រឿង
ដោយមានការអន្តរាគមន៍យ៉ាងសស្រាក់សស្រាំពីកម្លាំងចម្រុះភ្លើងកំពុងតែឆាបឆេះសន្ធោសន្ធៅ ក៏ត្រូវបានគ្រប់គ្រងនិងពន្លត់បានទាំងស្រុងមិនឱ្យរាលដាលបន្តទៀតឡើយ។ចំពោះទំហំនៃការខូចខាតនិងមូលហេតុច្បាស់លាស់នៃគ្រោះអគ្គីភ័យនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។ដោយមុតចិត្រា ប្រម៉ាញ់ជាយដែន