រដ្ឋបាលស្រុកសំពៅលូន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋក្នុងឃុំជ្រៃសីមា

​ខេត្តបាត់ដំបង៖ បង្ហាញពីមនោសញ្ចេតនាថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូន បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពលោក មុត សុផល្លា ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០២៦ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
​ក្នុងពិធីចុះសួរសុខទុក្ខនេះ ដឹកនាំដោយ លោក ម៉ែន ឡូច នាយករដ្ឋបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន ដោយមានការអញ្ជើញចូលរួមសហការពីសំណាក់៖
​លោក មុត ម៉េងហួត នាយករងរដ្ឋបាលសាលាស្រុកសំពៅលូន
​លោក សៅ រ៉ា ជំទប់ទី១ ឃុំជ្រៃសីមា (តំណាងលោក ស៊ិន សន មេឃុំជ្រៃសីមា)
​លោក ឈិន រ៉ា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រៃសីមា
​ដើម្បីជួយសម្រាលបន្ទុកគ្រួសារសពក្នុងគ្រាដ៏លំបាកនេះ អាជ្ញាធរស្រុក និងឃុំបាននាំយកនូវថវិកា និងសម្ភារៈឧបត្ថម្ភរួមមាន៖
​រដ្ឋបាលស្រុក បាននាំយកថវិកាចំនួន ២០០,០០០ រៀល, អង្ករ ១ ការុង និងទឹកសុទ្ធ ២ កេស។
​រដ្ឋបាលឃុំ បាននាំយកថវិកាចំនួន ១៥០,០០០ រៀល និងអង្ករ ២៥ គីឡូក្រាម។
​សរុបរួម ថវិកា ៣៥០,០០០ រៀល និងអង្ករ ៥០ គីឡូក្រាម។
​ក្នុងឱកាសនោះដែរ ភរិយា និងក្រុមគ្រួសារនៃសព បានសម្ដែងនូវសេចក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ មើលសុខទុក្ខ និងមិនដែលបោះបង់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពខ្វះខាត និងមានទុក្ខលំបាក។ ពួកគាត់ក៏បានប្រសិទ្ធពរជ័យដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើនតរៀងទៅ។
​សកម្មភាព បានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលខុសត្រូវខ្ពស់ និងសន្តានចិត្តដ៏ប្រពៃរបស់អាជ្ញាធរមូលដ្ឋាន ស្រុកស្រុកសំពៅលូននិងអាជ្ញាធរឃុំ ក្នុងការបម្រើ និងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន