ខេត្តប៉ៃលិន៖ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងពង្រឹងសុវត្ថិភាពចរាចរណ៍ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងសម្រាប់ត្រៀមសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចផ្លូវបំបែកជាបួន (វត្តអូរច្រា) ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យនោះ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ការសម្រេចសាងសង់រង្វង់មូលនៅចំណុចនេះ គឺធ្វើឡើងតាមសំណូមពរ និងតម្រូវការជាក់ស្តែង ដើម្បី៖
កាត់បន្ថយហានិភ័យដែលតែងតែកើតមានជាញឹកញាប់នៅចំណុចផ្លូវបំបែកជាបួននេះ។
ធានាឱ្យការចរាចរណ៍របស់ប្រជាពលរដ្ឋមានភាពរលូន និងមានសណ្តាប់ធ្នាប់។
បង្កើនសោភ័ណភាពខេត្តប៉ៃលិនឱ្យកាន់តែស្រស់ត្រកាល បម្រើដល់វិស័យទេសចរណ៍ និងការរស់នៅ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងមេត្តាយោគយល់ចំពោះផលប៉ះពាល់តិចតួចក្នុងអំឡុងពេលសាងសង់ ព្រមទាំងសហការជាមួយអាជ្ញាធរ ដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យតាមផែនការ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្ដែងនូវក្ដីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
ដោយ ស.សារឿន


