នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ខេត្តព្រះវិហារ កង សៅគុណ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភសម្លៀកបំពាក់ប្រតិបត្តិការ និងស្បៀងអាហារ ដល់សិក្ខាកាមវគ្គទី៤៧ ដែលកំពុងបំពេញវគ្គបណ្តុះបណ្តាល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានលើកឡើងថា ស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ គឺជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់កងកម្លាំង។ លោកបានជំរុញឱ្យសិក្ខាកាមទាំងអស់ ខិតខំរៀនសូត្រ គោរពវិន័យ និងអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ ដើម្បីក្លាយជាមន្ត្រីកងរាជអាវុធហត្ថដែលមានសមត្ថភាព និងសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។
អំណោយដែលបានផ្តល់ជូន រួមមាន សម្លៀកបំពាក់ប្រតិបត្តិការ (ពណ៌ត្រេអ៉ី) ចំនួន ២០កំប្លេ សម្រាប់សិក្ខាកាម ២០នាក់ និងគ្រឿងឧបភោគបរិភោគ ដូចជា មី ១០កេស ត្រីខ ០២កេស មីសួ ០២ការ៉ុង និងនំ ៩០០ ចំនួន ០៣កេស។
សិក្ខាកាមដែលទទួលអំណោយ បានសម្តែងនូវសេចក្តីអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ និងជួយសម្រាលបន្ទុកក្នុងអំឡុងពេលបណ្តុះបណ្តាល ព្រមទាំងចាត់ទុកសកម្មភាពនេះ ជាការលើកទឹកចិត្តដ៏មានន័យ ក្នុងការបង្កើនស្មារតី មោទនភាព និងភាពស្វាហាប់ ក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថ។
ដោយ៖ អ៊ុង វ៉ាន់



