ខេត្តកំពង់ឆ្នាំង÷អាជ្ញាធរចម្រុះខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងចក្រ ខណៈកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកដោយខុសច្បាប់ជិត ១០ហិកតា ស្ថិតក្នុងស្រុករលាប្អៀរ។
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ ដឹកនាំដោយ លោក មុី សុផល្លី (អភិបាលរងស្រុក) និង លោក លី ហុងស្រេង (នាយរងខណ្ឌរដ្ឋបាលជលផល) បានចុះពិនិត្យទីតាំងជាក់ស្ដែងនៅចំណុច ត្រពាំងគឈ្មោល ភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បន្ទាប់ពីមានការឃាត់ចាប់គ្រឿងចក្រពីសំណាក់កងកម្លាំងសឹករងខេត្ត។
ទំហំនៃបទល្មើស និងវត្ថុតាង
តាមរយៈការពិនិត្យផ្ទាល់ដី ក្រុមការងារបានរកឃើញថា៖
ផ្ទៃដីរងគ្រោះ៖ ប្រមាណ ៩,៨៧ ហិកតា ត្រូវបានឈូសឆាយខូចខាតទាំងស្រុង ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្ដីពីជលផល។
គ្រឿងចក្រដកហូត៖ ត្រាក់ទ័រម៉ាក Kubota M6240 SUH ពណ៌ក្រហម ចំនួន ០១ គ្រឿង។
ជនសង្ស័យ៖ ឈ្មោះ ចំរើន វិសាល ភេទប្រុស អាយុ ២០ ឆ្នាំ (មានទីលំនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌)។
បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំង កសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
អាជ្ញាធរបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងមិនលើកលែងចំពោះបុគ្គលណាដែលហ៊ានបំពាន បំផ្លិចបំផ្លាញធនធានធម្មជាតិ និងព្រៃលិចទឹកដែលជាជម្រកត្រីពងកូននោះឡើយ៕ ដោយមុតចិត្រា ប្រម៉ាញ់ជាយដែន

