បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ០២កើត ខែផល្គុន ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីត្រៀមរៀបចំពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត។
សង្ខេបព្រះនាម និងសមណស័ក្តិព្រះសព៖
ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា។
ព្រះសង្ឃកិច្ចកោសល្យ ព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្តបាត់ដំបង។
ព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង។
នៅក្នុងពិធីដ៏សមោឡាកនេះ ឯកឧត្តមអភិបាលខេត្ត រួមជាមួយមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានរៀបចំកិច្ចនមស្ការ ថ្វាយគ្រឿងសក្ការបូជា និងបួងសួងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសួស្តី និងឱ្យដំណើរការនៃកិច្ចពិធីបុណ្យបូជាព្រះសព ប្រព្រឹត្តទៅដោយរលូន ក្នុងគោលបំណងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមេគណខេត្ត ដែលបានបូជាព្រះកាយពលក្នុងវិស័យពុទ្ធចក្រ និងការអប់រំធនធានសង្ឃក្នុងខេត្តបាត់ដំបងកន្លងមក។ ការរៀបចំពិធីក្រុងពាលីនេះនៅក្នុង បរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន

