តើអង្គភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យសំណុំរឿងមេគយចល័តច្រកតំបន់ដូង លោក ឆេង សាវិន ដែលរងការចោទថាបើកដៃឱ្យទំនិញគេចពន្ធហូរចូលកម្ពុជាបានយ៉ាងរលូនឬទេ?

​ស្វាយរៀង៖ លោក ឆេង សាវិន មេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង ក្នុងស្រុករមាសហែក កំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន និងក្រុមអាជីវករជុំវិញការដឹកនាំដែលពោរពេញដោយភាពមិនប្រក្រតី និងការឃុបឃិតឱ្យមានការនាំចូលទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យ។

ប្រភពផ្ទៃក្នុងបង្ហើបថា លោក ឆេង សាវិន បានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាខ្នងបង្អែកដើម្បីបិទបាំងសកម្មភាពប្រមូលលុយខុសច្បាប់របស់ខ្លួន។
​មានការដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិល ចាំរាប់ក្បាលឡានប្រមូលលុយពីក្រុមឈ្មួញទាំងយប់ទាំងថ្ងៃ ជាថ្នូរនឹងការមិនត្រួតពិនិត្យទំនិញឱ្យបានត្រឹមត្រូវ។

ទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ និងបន្លែផ្លែឈើខូចគុណភាពពីប្រទេសវៀតណាម ត្រូវបានអនុញ្ញាតឱ្យឆ្លងដែនយ៉ាងរលូន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំណូលថវិកាជាតិ និងសុខភាពសាធារណៈ។
​ការគាបសង្កត់អាជីវករតូចតាច ក្រុមអាជីវករបានត្អូញត្អែរថា ពួកគេត្រូវចំណាយលុយលើតុក្រោមតុអស់ប្រាក់រាប់លានរៀល ទើបអាចដឹកទំនិញទៅដល់គោលដៅ ដែលធ្វើឱ្យរបររកស៊ីសឹងតែគ្មានចំណេញ។

​អាស្រ័យហេតុនេះ សាធារណជនសូមគោរពស្នើសុំដល់៖
​ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
​ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
​ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
​មេត្តាដាក់មន្ត្រីជំនាញចុះស៊ើបអង្កេត និងពិនិត្យឡើងវិញនូវតួនាទីរបស់លោក ឆេង សាវិន ដើម្បីពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាលុបបំបាត់អំពើពុករលួយដែលកំពុងចាក់ឫសនៅច្រកទ្វេភាគីតំបន់ដូងនេះ។អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។