ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ និងមហាជនកំពុងសម្តែងការរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់គ្រប់ប្រភេទ ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម តាមច្រករបៀង «ចំការម្ទេស» ស្ថិតក្នុងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្រ្ទា។ សកម្មភាពនេះត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធរវាងមន្ត្រីគយចល័ត មន្ត្រីនគរបាលការពារព្រំដែន និងក្រុមឈ្មួញធំៗ។
ក្រុមឈ្មួញបានប្រើប្រាស់រថយន្តយីឌុប និងរថយន្តវ៉េអង (កុងតឺន័រ) ដឹកទំនិញឆ្លងដែនទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង ដែលបណ្តាលឱ្យផ្លូវថ្នល់ក្នុងមូលដ្ឋានរងការបាក់ស្រុត និងខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រភពពីក្រុមអាជីវករបានបង្ហើបថា ការនាំទំនិញឆ្លងកាត់ច្រកនេះ តម្រូវឱ្យមានការបង់ប្រាក់ «លើតុក្រោមតុ» ទៅឱ្យមន្ត្រីជំនាញប្រចាំច្រករបៀងដោយគ្មានវិក្កយបត្រត្រឹមត្រូវ ដែលជាហេតុធ្វើឱ្យបាត់បង់ចំណូលថវិការដ្ឋយ៉ាងសន្ធឹកសន្ធាប់។
រហូតមកដល់ពេលនេះ លោក សំ សុវណ្ណារិទ្ធ មេសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ហាក់មិនទាន់មានវិធានការទប់ស្កាត់ ឬត្រួតពិនិត្យភាពមិនប្រក្រតីនៅច្រករបៀងចំការម្ទេសនេះនៅឡើយទេ ដែលធ្វើឱ្យមន្ត្រីក្រោមឱវាទហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
សំណូមពររបស់មហាជន៖
អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋសូមគោរពស្នើដល់៖
ឯកឧត្តមអភិសន្តិបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។
ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ចំពោះការអនុវត្តតួនាទីរបស់មន្ត្រីគយចល័ត និងនគរបាលការពារព្រំដែននៅច្រករបៀងចំការម្ទេស ដើម្បីលុបបំបាត់អំពើពុករលួយ និងការពារផលប្រយោជន៍ជាតិឱ្យមានប្រសិទ្ធភាព។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះក្នុងន័យស្ថាបនា និងជាកញ្ចក់ឆ្លុះបញ្ចាំងការពិតជូនថ្នាក់ដឹកនាំ។ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីធានានូវតម្លាភាព និងវិជ្ជាជីវៈសារព័ត៌មាន។


