នគរបាលស្រុកថ្មគោល បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ដកហូតម៉ូតូបាន ៥គ្រឿង

​ខេត្តបាត់ដំបង៖ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកថ្មគោលបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាប្លន់ និងលួចយ៉ាងសកម្ម ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
​លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្ទាល់ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ អាន សេងហុក (ហៅរ៉ាត់) ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅលើដងផ្លូវ ក្នុងភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល។
​លទ្ធផលនៃប្រតិបត្តិការ សមត្ថកិច្ចដកហូតបាន៖
​ម៉ូតូសរុបចំនួន ០៥គ្រឿង (ក្នុងនោះ ០៤គ្រឿងជាផលនៃអំពើចោរកម្ម និង ០១គ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាព)។
​ក្នុងជំហានដំបូង ដកហូតបាន ០៣គ្រឿងនៅកន្លែងកើតហេតុ។
​បន្ទាប់ពីសាកសួរ និងពង្រីកការស្រាវជ្រាវដល់ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចដកហូតបានម៉ូតូ ២គ្រឿងបន្ថែមទៀត។
​តាមចម្លើយសារភាព ជនសង្ស័យរូបនេះបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងស្រុកនានាជុំវិញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯម៉ូតូដែលដកហូតបាន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ដើម ដើម្បីប្រគល់ជូនវិញជាបន្តបន្ទាប់។ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន