ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង បានដឹកនាំប្រតិភូអមដំណើរ រួមមានលោកមេបញ្ជាការរង និងលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ សរុបចំនួន ០៦រូប ចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ (គ៨) នៃសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
ខ្លឹមសារសំខាន់ៗនៃកម្មវិធីរួមមាន៖
ការផ្សព្វផ្សាយច្បាប់៖ ផ្តោតសំខាន់លើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។
ការចូលរួមពីថ្នាក់ដឹកនាំ៖ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញា, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក-ឃុំ-សង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំង។
គោលបំណងនៃពិធី៖
ការរៀបចំពិធីផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងចំណេះដឹងផ្នែកច្បាប់ បណ្តុះស្មារតីស្អាតស្អំ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់អំពើពុករលួយគ្រប់ទម្រង់។
វត្តមានរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត ក្នុងពិធីនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រ និងអនុវត្តតាមច្បាប់រដ្ឋ ដើម្បីរួមចំណែកកសាងសង្គមជាតិឱ្យមានយុត្តិធម៌ និងតម្លាភាព៕
ដោយ លោកមុត ចិត្រា ប្រម៉ាញ់ជាយដែន



