ខេត្តតាកែវ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ផែនការងារធនធានមនុស្ស បានរៀបចំកិច្ចប្រជុំ «ស្តីពីការពង្រឹងការងារជំនាញ» ដល់បណ្តាការិយាល័យចំណុះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងវិន័យកងកម្លាំង។
កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពីលោក ធឿន ប៊ុនណា ព្រមទាំងលោកនាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖
ការប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌៖ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ មន្ត្រីគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវវិន័យឱ្យបានម៉ឺងម៉ាត់ និងមានសីលធម៌ល្អប្រពៃ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។
ការពង្រឹងសមត្ថភាពជំនាញ៖ ការិយាល័យនីមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារជំនាញរបស់ខ្លួន ដើម្បីធានាបាននូវតម្លាភាព និងភាពសុក្រឹតក្នុងរចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស។
ការទទួលខុសត្រូវខ្ពស់៖ មន្ត្រីត្រូវមានស្មារតីទទួលខុសត្រូវលើភារកិច្ចដែលអង្គភាពប្រគល់ជូន និងត្រូវសហការគ្នាឱ្យបានល្អប្រសើរ ដើម្បីសម្រេចបាននូវលទ្ធផលការងារប្រកបដោយមោទនភាព។
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការកសាងជួរកងកម្លាំងឱ្យកាន់តែមានសមត្ថភាព និងគុណធម៌ ស័ក្តិសមជាបង្អែកដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ៕ ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន




