ខេត្តពោធិ៍សាត់៖ រដ្ឋបាល ស្រុកបាកាន បានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងការចែករំលែកព័ត៌មានតាមបណ្តាញសង្គម ដែលអះអាងថា គ្រូបង្រៀនម្នាក់បានទាត់សិស្ស បណ្តាលឱ្យបាក់ជើង ដោយសារសិស្សមិនមានស្បែកជើងប៉ាតាពាក់ទៅរៀន។
តាមសេចក្តីបំភ្លឺ រដ្ឋបាលស្រុកបាកានបានបញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងសិស្សឈ្មោះ លី សុវណ្ណរាជ រៀនថ្នាក់ទី៧ “C” នៃវិទ្យាល័យព្រះម្លូរ ដែលមានទីលំនៅក្នុងភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ សិស្សរូបនេះមានអាការឈឺជើងឆ្វេងពីមុនរួចហើយ ដោយសារលេងទាត់បាល់ និងមានរបួសគ្រិច ព្រមទាំងមុតអំបែងកែវលើបង់ មុនថ្ងៃកើតហេតុ។
នៅថ្ងៃកើតហេតុ លោកគ្រូ សេន សុថៃ កំពុងអប់រំណែនាំសិស្ស ហើយមិនបានដឹងថាសិស្សមានអាការឈឺជើងស្រាប់នោះទេ ដោយបានយកជើងឆ្លុះទម្លាក់ចេញពីលើបង់ ដែលបណ្តាលឱ្យមានការយល់ច្រឡំ និងការចោទប្រកាន់ថា គ្រូបានទាត់បាក់ជើងសិស្ស។
រដ្ឋបាលស្រុកបាកានបន្តថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ សិស្សមានអាការក្តៅខ្លួនខ្លាំង ដោយលោកគ្រូ និងអ្នកគ្រូបាននាំទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន។ តាមការបញ្ជាក់ពីម្តាយ សិស្សមានជំងឺគ្រុនឈាម ដែលត្រូវព្យាបាលជាមុនសិន មុនព្យាបាលបញ្ហាជើង។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានទៅសួរសុខទុក្ខ និងតាមដានសុខភាពសិស្សជាបន្តបន្ទាប់។
ចំពោះការចោទប្រកាន់ថា គ្រូពិន័យសិស្សដោយសារមិនមានស្បែកជើងប៉ាតា រដ្ឋបាលស្រុកបាកានបានបញ្ជាក់យ៉ាងច្បាស់ថា ជាព័ត៌មានមិនពិតឡើយ ខណៈដែលសាលាគ្រាន់តែលើកទឹកចិត្តឱ្យសិស្សគោរពវិន័យសាលាប៉ុណ្ណោះ។
ជាមួយគ្នានេះ រដ្ឋបាលស្រុកបាកាន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាបញ្ឈប់ការចែករំលែកព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន និងពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ ដែលអាចនាំឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។






