ករណីប្រើហិង្សារបស់គ្រូបង្រៀនម្នាក់នៅ វិទ្យាល័យព្រះម្លូសុវណ្ណរាជ កំពុងបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសាធារណជនលើបណ្តាញសង្គម បន្ទាប់ពីសិស្សអាយុ ១៣ ឆ្នាំម្នាក់ ត្រូវបានគេរាយការណ៍ថា រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ ដោយសារការដាក់ពិន័យពាក់ព័ន្ធនឹងវិន័យសម្លៀកបំពាក់។
តាមប្រភពព័ត៌មានពីបណ្តាញសង្គមបានឱ្យដឹងថា សិស្សរងគ្រោះមិនបានពាក់ស្បែកជើងប៉ាតាមកសាលារៀនតាមការកំណត់ ដោយសារស្ថានភាពគ្រួសារលំបាក ខណៈម្តាយនៅឆ្ងាយមិនទាន់អាចផ្ញើថវិកាឱ្យទិញបាន។ មូលហេតុនេះ បានធ្វើឱ្យគ្រូបង្រៀនដាក់ពិន័យសិស្សឱ្យឈរនៅក្រៅថ្នាក់រៀន។
ប្រភពដដែលបន្តថា ដោយសារការឈររង់ចាំយូរពេក បណ្តាលឱ្យមានការឈឺចុកចាប់ជើង សិស្សរងគ្រោះបានទៅអង្គុយសម្រាកនៅលើបង់ (តុអង្គុយលេង) នៅខាងក្រៅថ្នាក់។ នៅពេលគ្រូបង្រៀនដើរមកឃើញ ជំនួសឱ្យការសាកសួរ ឬណែនាំ ត្រូវបានចោទប្រកាន់ថា គ្រូរូបនោះបានប្រើហិង្សាដោយការទាត់មួយទំហឹងទៅលើសិស្ស។
ការប្រើហិង្សានេះ បណ្តាលឱ្យសិស្សរងគ្រោះស្ទើរតែសន្លប់នៅនឹងកន្លែង ហើយបន្ទាប់ពីបានយកទៅពិនិត្យព្យាបាល គ្រូពេទ្យបានបញ្ជាក់ថា សិស្សរូបនេះបានរងរបួស បាក់ជើងយ៉ាងធ្ងន់ធ្ងរ និងមានផលប៉ះពាល់ផ្លូវស្មារតីផងដែរ។
ករណីខាងលើ ត្រូវបានមហាជនចាត់ទុកថា ជា អំពើអមនុស្សធម៌ និងរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ជាពិសេសការប្រើហិង្សាលើកុមារដែលកំពុងស្ថិតក្នុងវ័យសិក្សា។
បច្ចុប្បន្ន សាធារណជនកំពុងរង់ចាំការបកស្រាយ និងចំណាត់ការពីគណៈគ្រប់គ្រងវិទ្យាល័យព្រះម្លូសុវណ្ណរាជ ក៏ដូចជាវិធានការតាមច្បាប់ និងវិន័យពី ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់យុត្តិធម៌ដល់សិស្សរងគ្រោះ និងធានាថា សាលារៀនគឺជាកន្លែងមានសុវត្ថិភាព សម្រាប់កុមារគ្រប់រូប។
ប្រភព៖ បណ្តាញសង្គម (Facebook)

