ការតែងតាំងមុខតំណែងថ្មី គឺផ្អែកលើសមត្ថភាព និងស្នាដៃ ការសង្កត់ធ្ងន់របស់ ឯកឧត្តម តាន់ សំណាង កក្នុងពិធីបំពាក់ឋានន្តរសក្ដិមន្ត្រីនគរបាលខេត្តតាកែ

តាកែវ៖ នារសៀលថ្ងៃពុធ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

​ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិក ស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣២៣នាក់ (ស្រី ៣៦នាក់)។
​ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង បានបង្ហាញនូវការអបអរសាទរ និងបានធ្វើការក្រើនរំលឹកដល់មន្ត្រីដែលទទួលបានការតែងតាំង និងលើកកម្ពស់ឋានន្តរសក្ដិនាពេលនេះ ត្រូវបន្តខិតខំបំពេញភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីគ្រប់រូបត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារជំនាញដែលខ្លួនគ្រប់គ្រង ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
​ជាមួយគ្នានេះ ឯកឧត្តមអគ្គស្នងការរង ក៏បានបញ្ជាក់បន្ថែមថា៖ «ការតែងតាំងមុខតំណែងថ្មីនៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង បង្ហាញនូវស្នាដៃ ឆន្ទៈមោះមុត និងការចូលរួមអនុវត្តភារកិច្ចកន្លងមក។ អ្វីដែលសំខាន់ គឺឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់បំផុតលើសមត្ថភាព លក្ខណៈសម្បត្តិ អត្តចរិក និងភាពជាអ្នកដឹកនាំ ពីសំណាក់គណៈស្នងការ និងក្រុមប្រឹក្សាវិន័យ»។

​ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដែលជាការលើកទឹកចិត្តយ៉ាងធំធេងដល់កងកម្លាំងនគរបាលជាតិ ក្នុងការបន្តបេសកកម្មបម្រើជាតិ និងប្រជាជន៕