(បាត់ដំបង)៖ កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចាត់តាំងលោកវរសេនីយ៍ត្រី ចាន់ ថេង អធិការរងទទួលផែនការងារសន្តិសុខ ឱ្យដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល និងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា ចុះអនុវត្តការងារផ្សព្វផ្សាយច្បាប់ និងណែនាំដល់ម្ចាស់ទីតាំងស្នាក់នៅនានា។
ខ្លឹមសារសំខាន់ៗនៃការចុះផ្សព្វផ្សាយ រួមមាន៖
ការគ្រប់គ្រងសន្តិសុខ៖ ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
ការបង្ក្រាបបទល្មើស៖ ផ្សព្វផ្សាយផែនការណែនាំ លេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការបោសសម្អាតសកម្មភាពល្មើសគ្រប់ប្រភេទ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេស។
គោលដៅចម្បង៖ ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះសំណាក់ និងផ្ទះជួល ក្នុងមូលដ្ឋានស្រុកបវេល ឱ្យយល់ដឹងច្បាស់ពីកាតព្វកិច្ច និងចូលរួមសហការជាមួយអាជ្ញាធរដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។
ក្នុងឱកាសនោះដែរ កម្លាំងសមត្ថកិច្ចក៏បានឆ្លៀតឱកាសអប់រំ និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន នូវសារអប់រំដ៏មានសារៈសំខាន់ពីរឃ្លាគឺ៖
«ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន»
«ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។ ដោយ សឿនហៀឡុង

