រាជធានីភ្នំពេញ៖ ខណៈដែលរាជរដ្ឋាភិបាលកំពុងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បែរជាមានទីតាំងល្បែងស៊ីសងយ៉ាងសកម្មមួយកន្លែង កំពុងបើកដំណើរការយ៉ាងរំភើយនៅក្បែរសាលាខណ្ឌឫស្សីកែវ ដែលជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់មហាជន។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទម្លាយឱ្យដឹងថា ទីតាំងតារាងបាល់ទះមួយកន្លែងបានបង្កប់នូវល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ។ អ្វីដែលកាន់តែហួសចិត្ត និងធ្វើឱ្យពលរដ្ឋអស់សង្ឃឹមនោះ គឺមានការសង្ស័យថា ម្ចាស់ទីតាំងខាងលើបានសហការជាមួយ “អធិការរងម្នាក់” ដែលទទួលបន្ទុកផ្នែកបង្ក្រាបល្បែងស៊ីសងផ្ទាល់តែម្តង ជាអ្នកនៅពីក្រោយខ្នងចាំបើកភ្លើងខៀវឱ្យដំណើរការ។
ភាពមិនប្រក្រតីនេះ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា៖
តើច្បាប់មានតម្លៃអ្វី បើអ្នកអនុវត្តច្បាប់ជាអ្នកបំពានច្បាប់ខ្លួនឯង? * តើការមិនបង្ក្រាបនេះ មកពីមើលមិនឃើញ ឬមកពីមាន “ផលប្រយោជន៍” ចងរឹតមាត់?
ការបើកល្បែងស៊ីសងយ៉ាងគគ្លើនក្បែរច្រមុះសមត្ថកិច្ចបែបនេះ មិនត្រឹមតែបង្កក្ដីបារម្ភដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែបំផ្លាញនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋបានលើកឡើងដោយភាពអស់សង្ឃឹមថា៖ “បើយើងសង្ឃឹមលើអ្នកបង្ក្រាប តែអ្នកបង្ក្រាបបែរជាអ្នកកាងទៅវិញ តើឱ្យពលរដ្ឋទៅរំពឹងអ្វីទៀត?”
តាមរយៈអង្គភាពសារព័ត៌មានយើង សូមគោរពស្នើសុំដល់ លោកអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងលោកអធិការខណ្ឌ មេត្តាជួយពិនិត្យ និងមានវិធានការណ៍ក្តៅចំពោះករណីនេះផង។ តើទីតាំងនេះពិតជាមានខ្នងបង្អែកដូចការលើកឡើងមែន ឬមួយក៏គ្រាន់តែជាករណី “កន្ទេលធំប្រឡំដេក” ដែលថ្នាក់លើមិនទាន់ជ្រាបព័ត៌មាន?
មហាជនរង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់នឹងត្រូវអនុវត្តដោយស្មើភាព ឬក៏ត្រូវបន្តសណ្តំភ្នែកមហាជនក្រោមឥទ្ធិពលនៃ “លុយខ្មៅ” ពីល្បែងស៊ីសងបន្តទៀត?
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។

