ខេត្តបន្ទាយមានជ័យ÷ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
លោក វរសេនីយ៍ឯក បេនសំអាត អធិការ បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងការចុះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកម៉ាឡៃ បានចុះបេសកកម្មអប់រំ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពី “វិធានការទប់ស្កាត់ការលក់ដូរ និងប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទ”។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបង្ការរាល់បាតុភាពអសន្តិសុខនានា ដែលអាចកើតមានឡើងក្នុងអំឡុងពេលត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម នាពេលខាងមុខ។
សកម្មភាពគន្លឹះក្នុងយុទ្ធនាការ៖
ការអប់រំផ្ទាល់៖ ចុះជួបអាជីវករ និងប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីពន្យល់ពីផលប៉ះពាល់នៃការដុតផាវ និងកាំជ្រួច។
ការហាមឃាត់ដាច់ខាត៖ ណែនាំមិនឱ្យមានការនាំចូល លក់ដូរ ឬបង្កការផ្ទុះអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលនាំឱ្យប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ និងសណ្តាប់ធ្នាប់សាធារណៈ។
កិច្ចសហការ៖ ពង្រឹងស្មារតីម្ចាស់ការដល់បងប្អូនប្រជាពលរដ្ឋដែលមានខ្សែស្រឡាយ ចិន-វៀតណាម ឱ្យចូលរួមគោរពច្បាប់ និងរក្សាសុវត្ថិភាពសហគមន៍។
ការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ
យើងខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោកអធិការនគរបាលស្រុកម៉ាឡៃ ក៏ដូចជា កងកម្លាំងនគរបាលតាមប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចុះជាប់ជាមួយមូលដ្ឋានដោយមិនខ្លាចនឿយហត់។


