(បាត់ដំបង)៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដល់កងកម្លាំងនគរបាលការពារព្រំដែន និងអធិការដ្ឋាននគរបាលស្រុក ជាប់ព្រំដែន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្នុងស្រុកសំពៅលូន ដោយមានការចូលរួមពីវរសេនាតូចទាំង៤ និងអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង។
ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ
លោកស្នងការបានពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងជួរមុខទាំងអស់។
ថ្នាក់ដឹកនាំបានស្តាប់របាយការណ៍ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំង ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។
ការរុញការអនុវត្តបទបញ្ជា និងផែនការជាតិ៖ សង្កត់ធ្ងន់លើការត្រួតពិនិត្យ និងជម្រុញការអនុវត្ត បទបញ្ជាលេខ ០១ និង ០៣ របស់រាជរដ្ឋាភិបាល ព្រមទាំង ផែនការលេខ ០០៣ របស់ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
កិច្ចការពារក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម និងកូរ៉េ៖ ផ្សព្វផ្សាយផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យប្រពៃណីដែលនឹងឈានចូលមកដល់។
ដោះស្រាយបញ្ហាប្រឈម៖ លោកស្នងការក៏បានបើកវេទិកាដើម្បីដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានាដែលអង្គភាពនីមួយៗកំពុងជួបប្រទះ ដើម្បីធានាបាននូវដំណើរការការងារកាន់តែរលូន។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានដាក់ចេញនូវទិសដៅការងារបន្ត និងជំរុញឱ្យកងកម្លាំងទាំងអស់បន្តសហការគ្នាជិតស្និទ្ធ ដើម្បីរក្សាឱ្យបាននូវស្ថិរភាពសន្តិសុខនៅតាមតំបន់ព្រំដែន និងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ដោយ សឿនហៀ ឡុង





