​ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលរងរបួសក្នុងសមរភូមិ

(បន្ទាយមានជ័យ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខមន្ត្រីក្រោមឱវាទ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ១,០០០,០០០ រៀល ជូនដល់ លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកកឋិន។

​បច្ចុប្បន្ន លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ កំពុងសម្រាកព្យាបាលរបួសជើង (ដែលរងគ្រោះក្នុងសមរភូមិ) នៅគេហដ្ឋានក្នុងភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ក្រោយចេញពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

​ក្នុងឱកាសនោះ លោកស្នងការខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ព្រមទាំងបានជូនពរឱ្យរូបលោកឆាប់ជាសះស្បើយ ដើម្បីត្រលប់មកបន្តបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋក្នុងអង្គភាពវិញ។

​ជាការឆ្លើយតប លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ បានសម្ដែងនូវសេចក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលជានិច្ចកាលតែងតែគិតគូរពីសុខមាលភាព និងផ្ដល់ការគាំទ្រដល់មន្ត្រីនគរបាលដែលលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ដោយលោក មុត ចិត្រា