ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅទីតាំងសិប្បកម្មកែច្នៃចម្លាក់ឈើ (គល់ឈើ) មួយកន្លែង ដែលមានទំហំ ៤០ម៉ែត្រ គុណ ៤០ម៉ែត្រ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សកម្មភាពអន្តរាគមន៍៖
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ដឹកនាំកម្លាំងជំនាញសរុបចំនួន ៥០នាក់ ចុះអន្តរាគមន៍ជាបន្ទាន់។ ប្រតិបត្តិការនេះមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។
មធ្យោបាយប្រើប្រាស់៖
កម្លាំងចម្រុះបានប្រើប្រាស់គ្រឿងចក្រ និងរថយន្តទឹកសរុបចំនួន ១៧គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៧៣ធុង រួមមាន៖
រថយន្តទឹករបស់ស្នងការដ្ឋាននគរបាលខេត្ត
រថយន្តទឹកបណ្តាក្រុមហ៊ុនកាស៊ីណូក្នុងតំបន់
រថយន្តទឹករបស់ក្រុមសង្គ្រោះស្ម័គ្រចិត្ត
លទ្ធផល៖
ដោយមានការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់ភ្លើងឱ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ៤:០០ នាទីទៀបភ្លឺ។ ចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាត សមត្ថកិច្ចជំនាញកំពុងធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវបន្ត។ដោយលោក ចិត្រា ប្រម៉ាញ់ជាយដែន



