លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសម្តែងការសោកស្តាយចំពោះមរណភាព លោកវរសេនីយ៍ទោ យី សុថាត់ ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី

​បន្ទាយមានជ័យ៖ អនុវត្តតាមការចង្អុលណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូអមដំណើរ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ។
​សេចក្តីសង្ខេបនៃវីរភាព និងការលះបង់៖
​មូលហេតុនៃការលះបង់៖ លោកវរសេនីយ៍ទោ យី សុថាត់ បានរងរបួសធ្ងន់ដោយអំបែងគ្រាប់ចំក្បាល ក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
​ការទទួលមរណភាព៖ ក្រោយការខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកបានទទួលមរណភាព (ពលី) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១២:៤៥នាទី។
​ទីកន្លែងតម្កល់សព៖ ក្រុមគ្រួសារបានរៀបចំពិធីបុណ្យតាមប្រពៃណី នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
​ការប្រសិទ្ធនាមជាវីរនគរបាល៖
​ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារសព និងបានលើកសរសើរថា៖
​”ការបាត់បង់លោកវរសេនីយ៍ទោ យី សុថាត់ គឺជាការបាត់បង់នូវវីរនគរបាលដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។ វីរភាពរបស់លោកនឹងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាជានិច្ច”។
​ជាកិច្ចចុងក្រោយ លោកស្នងការក៏បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចំនួន ២,០០០,០០០ រៀល ប្រគល់ជូនគ្រួសារសព ដើម្បីចូលរួមចាត់ចែងក្នុងកម្មវិធីបុណ្យផងដែរ។ ដោយ ចិត្រា ប្រម៉ាញ់ជាយដែន