ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អមដំណើររដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរនគរបាល យី សុថាត់ ដែលបានពលីក្នុងបុព្វហេតុជាតិ

​ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។
​ការលះបង់ដ៏ខ្ពង់ខ្ពស់ដើម្បីមាតុភូមិ
​លោកវរសេនីយ៍ទោ យី សុថាត់ គឺជាវីរនគរបាលមួយរូបដែលបានរងរបួសធ្ងន់ត្រង់ផ្នែកក្បាល ដោយសារអំបែងគ្រាប់ផ្លោងក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅសមរភូមិបឹងត្រកូន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បន្ទាប់ពីបានខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យអស់រយៈពេលជាច្រើនខែ លោកបានទទួលមរណភាពកាលពីវេលាម៉ោង ១២:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ ២៧ ឆ្នាំ។
​សេចក្តីសោកស្តាយ និងការរំលែកទុក្ខ
​ក្នុងទិដ្ឋភាពដ៏សែនសង្វេកនោះ ឯកឧត្ដមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូអមដំណើរ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ ឯកឧត្ដមបានគូសបញ្ជាក់ថា៖
​”ការបាត់បង់លោកវរសេនីយ៍ទោ យី សុថាត់ គឺជាការបាត់បង់នូវវរនគរបាលដ៏ឆ្នើមម្នាក់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន រហូតដល់បូជាជីវិត ដើម្បីបុព្វហេតុការពារសន្តិសុខជាតិ និងបម្រើសុខសន្តិភាពជូនប្រជាពលរដ្ឋ”។

​ការឧទ្ទិសកុសល
​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏បានអុជធូបឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ យី សុថាត់ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានចារឹកទុកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមនេះទុកក្នុងបេះដូងរបស់កងកម្លាំង និងប្រជាជនកម្ពុជាជានិច្ច។ដោយ សឿន វ៉ាន់ម៉ាន់លី