កណ្តាល៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីប្រគល់លិខិតសរសើរ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាល ដែលមានស្នាដៃល្អក្នុងការបង្ក្រាបបទល្មើសលេចធ្លោ និងប្រជុំត្រួតពិនិត្យលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារប្រចាំឆ្នាំ ២០២៦ ព្រមទាំងបានផ្សព្វផ្សាយ ពង្រឹង ណែនាំការងារជំនាញសំខាន់ៗមួយចំនួនទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ។
ពិធីនេះក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង ១៣ នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថពាក់ព័ន្ធ ចូលរួមផងដែរ។
សូមបញ្ជាក់ជូនថា ការប្រគល់លិខិតសរសើរ របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្ដាលនាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ មេបញ្ជាការ។ ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានចូលរួមអបអរសាទរ និងកោតសរសើរ វាយតម្លៃខ្ពស់ ជាទីមោទនៈចំពោះស្នាដៃដែលនាយទាហាន និងនាយទាហានរង ទាំងអស់សម្រេចបានរយ:ពេលក្នុងឆ្នាំ២០២៥ ដោយសារឆន្ទះខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ បំពេញតួនាទី ភារកិច្ច បេសកកម្មទាំងយប់ទាំងថ្ងៃ ពុំខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ-អន្តរជាតិ និងបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានល្អប្រសើរ។



