បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន២នាក់ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការនៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
១- ឈ្មោះ វ៉ើន សុវិន ហៅ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន។
២- ឈ្មោះ ញឹម តុលា ហៅ ម៉េវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាន់កាប់អាវុធ។
សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន គ្រឿងញៀនប្រភេទ WY ចំនួន៨០គ្រាប់ ទម្ងន់៧,៦៤ក្រាម, គ្រឿងញៀនប្រភេទ ICE ចំនួន៦ថង់ ទម្ងន់៧៧,៣៦ក្រាម, គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់១,៥៣ក្រាម, កាំបិតខ្វែវ និងកាំបិតកែច្នៃចំនួន២ដើម រថយន្តម៉ាកកាមេរី ១គ្រឿង ម៉ូតូម៉ាក PCX ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ប្រាក់សរុបជាច្រើនប្រភេទ រួមទាំងជញ្ជីងថ្លឹងគ្រឿងញៀន និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនផងដែរ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឲ្យដឹងថា ក្រោយពីសួរនាំ ជនសង្ស័យទាំង២នាក់បានសារភាពថា ពិតជាបានប្រព្រឹត្តអំពើជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាន់កាប់អាវុធដោយខុសច្បាប់ពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងអាវុធហត្ថបានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី៕

