លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់អាវរងា ជូនប្រជាពលរដ្ឋ នៅស្រុកសាលាក្រៅ

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​​ប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជាអាវរងា ព្រមទាំងថវិកា ជូនប្រជាពលរដ្ឋ នៅឃុំសាលាក្រៅ និង​ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្របពេលអាកាសធាតុកំពុងចុះត្រជាក់ ដែលទាំងនេះ​បាន​ឆ្លុះ​បញ្ចាំងយ៉ាង​ច្បាស់​ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់​ប្រជាពលរដ្ឋគ្រប់រូប​ក្នុង​មូលដ្ឋាន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹក​រលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចទាំងបី តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមាន​ការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋ​ណាម្នាក់​ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ខែរងារធ្លាក់ខ្យល់បានមកដល់ ហើយខេត្ត​ប៉ៃលិន គឺជាខេត្តមានព្រៃភ្នំច្រើន ដែលអាកាសធាតុចុះត្រជាក់ខ្លាំង បើធៀបនឹងបណ្តាខេត្តផ្សេងៗ ងាយឱ្យកើតមានជម្ងឺ​ដម្កាត់​ផ្សេងៗ ដូច្នេះបងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះការថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ តែបើមានករណីកើតជម្ងឺ សូមប្រញាប់​ប្រញាល់​ ទៅកាន់​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតជាបន្ទាន់ ដើម្បី​ឱ្យគ្រូពេទ្យជំនាញពិនិត្យ និងព្យា​បាលបានទាន់ពេល​វេលា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការចិញ្ចឹមសត្វ និងការដាំដុះបន្លែផ្លែឈើធម្មជាតិ ទាំងបរិមាណ និងគុណភាព ដើម្បីធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវ​ការ​ទីផ្សារ និងតម្លៃមួយសមរម្យ ហើយជំរុញដល់ មន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ជួយបណ្តុះបណ្តាលបច្ចេក​ទេស​កសិកម្ម និងត្រូវរួមសហការគ្នាជួយរកទីផ្សារជូនប្រជាកសិករ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ ឆ្លើយ​តបទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយលោក÷ស សារឿន