លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​នគរបាល​ខេត្ត​ បាន​ចាត់​តំណាង​ នាំ​យក​សំភារៈ​ និង​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ទៅ​ប្រគល់​ជូន​ដល់​តំណាង​គ្រួសារ​សព​លោក​វរសេនីយ៍ត្រី​ សុំ​ សាគុណ

បន្ទាយមានជ័យ​៖​ អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និង​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៥បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ រួម​ដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ សុី​វ​ សុជាតិ​ ស្នង​ការ​រង​ផែន​ការ​ងារ​ភស្ដុ​ភា​ និង​ហិរញ្ញវត្ថុ​ ​លោក​វរសេនីយ៍ឯក​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គលិក​និង​លោក​វរសេនីយ៍ឯក​ ឈុន​ ច័ន្ទ​តារា​ នាយ​ការិយាល័យ​ភស្ដុ​ភា​ និង​មន្ត្រី​នគរបាល​ជា​ច្រើន​រូប​នាំ​យក​សម្ភារៈ​ និង​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ទៅ​ប្រគល់​ជូន​ដល់​តំណាង​គ្រួសារ​សព​លោក​វរសេនីយ៍ត្រី​ សុំ​ សាគុណ​ នាយ​ផ្នែក​ដឹក​ជញ្ជូន​នៃការិយាល័យ​ភស្ដុ​ភាដែល​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​នៅ​គេហដ្ឋាន​នៃ​សព​ស្ថិត​នៅ​ភូមិ​ ពពាលខែ​ ឃុំ​ អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​។

សម្ភារៈ​និង​ថវិកា​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ដល់​តំណាង​គ្រួសារ​សព​រួម​មាន​:​ ថវិកា​ចំនួន​ ៨,០៦០,០០០រៀល​ក្នុង​នោះ​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​ ៦លាន​រៀល​ និង​ថវិកា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​២,០៦០,០០០រៀល​ និង​គ្រឿង​ឧបភោគ​បរិភោគ​មាន​៖អង្ករ​ចំនួន​៣ការ៉ុង​,មី៥កេះ,ទឹក​សុី​អុីវ៥យួរ​,ទឹក​ត្រី​៥យួរ​,ទឹក​សុទ្ធ​៣កេះ,ទឹក​ក្រូច​១កេះ,ទឹក​សណ្តែក​១កេះ,ត្រី​ខ១កេះតូច។

ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ផងដែរ​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ បាន​ពាំនាំ​ការ​ចូលរួម​មរណទុក្ខ​និង​ចូល​រួម​សោកស្ដាយ​យ៉ាង​ក្រៃលែងជាមួយ​ក្រុម​គ្រួសារ​សព​​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ និង​រូប​លោក​ផ្ទាល់​ចំពោះ​ការ​បាត់​បង់​ មន្ត្រី​នគរបាល​ ធនធាន​មនុស្ស​ដ៏​ល្អ​ សាមី​ ឳពុក​ ជា​ទី​ស្រលាញ់​ ដ៏​ជ្រាលជ្រៅ​ ដែល​ធ្លាប់​បាន​ផ្ដល់​នូវ​ព្រហ្ម​វិហារធម៌​ចំពោះ​ក្រុម​គ្រួសារ​នា​គ្រា​កន្លង​មក​។

ជា​ចុង​ក្រោយ​លោក​សូម​ឧទ្ទិស​បួងសួង​ ដល់​គុណ​បុណ្យ​ព្រះរតន​ត្រ័យ​ វត្ថុ​សាក​សិទ្ធិ​សិទ្ធក្នុង​លោក​សូម​ជួយ​ដឹកនាំ​វិញ្ញាណក្ខន្ធ​របស់​លោក​វរសេនីយ៍ត្រី​ សុំ​ សាគុណ​ សូម​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕