ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងបានផ្តល់អំណោយ រថយន្ត ០៣គ្រឿង ទោចក្រយានយន្ត ២១គ្រឿង រួមទាំងសម្ភារៈបរិក្ខា ស្បៀងអាហារ និងថរិកា ជូនដល់បណ្តាអង្គភាពកងកំលាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន និង កម្លាំងចល័ត អន្តរាគមន៍ការពារសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន គ្រប់អង្គភាព នៃកងកម្លាំងចម្រុះគណៈបញ្ជាការខេត្តប៉ៃលិន។
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងកម្លាំងទាំងបីប្រភេទ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រួមទាំងកម្លាំងចល័តអន្តរាគមន៍ការពារសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន គ្រប់អង្គភាព នៃកងកម្លាំងចម្រុះគណៈបញ្ជាការខេត្ត ហើយបើទោះបីជាសម្តេចទាំងបី មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់ យើងជានិច្ច។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានស្ថានភាពល្អប្រសើ មិនមានឡើងកម្តៅខ្លាំង ដូចនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យនោះទេ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ របស់យើងទាំងអស់បានរក្សានូវភាពស្ងៀមស្ងាត់ គឺរងចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បេសកកម្មបម្រើជាតិ និងប្រជាជន។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ ។ដោយលោក÷ស សារឿន



