ឯកឧត្តម កែ គឹមយ៉ានថ្លែងប្រាប់ពលរដ្ឋជនភៀសសឹកកម្ពុជា ជឿជាក់លើរាជរដ្ឋាភិបាល

បន្ទាយមានជ័យ÷ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងប្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ ត្រូវមានជំនឿជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យបានលើកឡើងថា  ប្រជាពលរដ្ឋទំាងអស់គ្នាត្រូវមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។

ឯកឧត្តមគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ គឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិ បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ ។

ឯកឧត្តមបន្តថា ការចាកចោលភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សាសាលារៀន និងប្រឈមការលំបាកជាច្រើនផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកចំនួន៤០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានមី១កេស សារុង១ ក្រមា១ ទឹកបរិសុទ្ធ១យួរ និងថវិកា៥ម៉ឺនរៀល។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួន ៤០០គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហាររបស់កងទ័ពសៀមទៅលើជនស៊ីវិលខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួសចំនួន ៣នាក់៕