សូមអបអរសាទរ និងសម្តែងក្តីរីករាយជាទីបំផុត ! ចំពោះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

សូមអបអរសាទរ និងសម្តែងក្តីរីករាយជាទីបំផុត ! ចំពោះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខារួចហើយ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នៅថ្ងៃទី២៦ ខែតុលានេះ ក្រោមអធិបតីភាព ប្រធានាធិបតីអាមេរិក និងវត្តមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន

កិច្ចព្រមព្រៀងស​ន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា នឹងក្លាយទៅជាឯកសារដ៏រឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងគ្នា ព្រមទាំងបង្កើតឱកាសនានា ដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។

បន្ទាប់ពីមានភាពតានតឹងតាមបណ្តោយព្រំដែន កម្ពុជា-ថៃ បានចាប់ផ្តើមផ្ទុះអាវុធយ៉ាងខ្លាំងរយៈពេល៥ថ្ងៃ ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្តើមចេញពីចំណុចប្រាសាទតាមាន់ធំ ហើយរាលដាលដល់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែន បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ បន្ថែមពីនេះ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅបណ្តោយព្រំដែន នៅតំបន់មានជម្លោះត្រូវជម្លៀសចេញពីលំនៅដ្ឋានដោយសារភាពភ័យខ្លាច។ ទោះបីជាមានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ តែភាពតានតឹងរវាងកម្ពុជា-ថៃ នៅតែបន្តកើតមានរហូតមក។

ក្រៅពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់​ខាងលើនេះ គោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យជាតិរបស់ប្រទេសនីមួយៗ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនេះ ក៏ពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ​ បន្ទាប់ពីមានភាពតានតឹងនៅព្រំដែន។

នៅក្នុងកិច្ចប្រជុំពិសេសលើកទី នៃ GBC នាថ្មីៗនេះ មុននឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាព ភាគីទាំងពីរបានឯកភាពគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ, ការបោសសម្អាតមីននៅព្រំដែន ព្រមទាំងរៀបចំផែនការសកម្មភាព ក្នុងការដកអាវុធធុនធ្ងន់ទាំងឡាយនៅព្រំដែនបញ្ចូលទៅមូលដ្ឋានទ័ពរៀងៗខ្លួនឡើងវិញផងដែរ ដើម្បីកាត់បន្ថយភាពតានតឹង។

នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ ភាគីថៃ នឹងដោះលែងទាហានកម្ពុជា១៨នាក់​ ដែលយោធាថៃចាប់ខ្លួន១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរ បានប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព គោរពគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះផ្សេងៗ៕