ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបំបែកបទល្មើសគ្រឿងញៀននិងអាវុធខុសច្បាប់ទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យបរទេស៤នាក់បញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង÷​ក្រោមការចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចជំនាញបានបង្កើតស្នាដៃធំមួយបន្ថែមទៀត ក្នុងការបង្រ្កាប និងលុបបំបាត់បទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់យ៉ាងមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
​ជាក់ស្តែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពី
អាចឧត្តម ស៊ុន យុឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងការកាន់កាប់អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
​កិច្ចប្រតិបត្តិការប្រកបដោយជំនាញ និងភាពវៃឆ្លាតនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ០៤នាក់ (ជនជាតិវៀតណាម ០៣នាក់ និងជនជាតិចិន ០១នាក់) ព្រមទាំងដកហូតវត្ថុតាងជាច្រើនរួមមាន៖ សារធាតុញៀនសរុប ទម្ងន់ ៨៨៥.១៦ ក្រាម (កេតាមីន ៣៦៣.៩៨ក្រាម, មេតំហ្វេតាមីន ៩.៨៩ក្រាម និងថ្នាំគ្រាប់ ៦២.៣៨ក្រាម, អ៊ុចស្តាស៊ី ៤៣៣.៧១ក្រាម និងថ្នាំគ្រាប់ ១៥.២០ក្រាម)
សារធាតុមិនច្បាស់លាស់ទម្ងន់ ២,៥៣២.៧៨ ក្រាម
អាវុធ និងគ្រាប់រំសេវ អាវុធខ្លី ០១ដើម (គ្រាប់ ០២គ្រាប់), អាវុធវែង ០១ដើម (បង់ ០១ និងគ្រាប់ ២៩គ្រាប់), កាំបិត ០១ដើម
សម្ភារៈនិងមធ្យោបាយធ្វើសកម្មភាព រថយន្ត ០២គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០៤គ្រឿង, ជញ្ជីងថ្លឹង ០១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
​ស្នាដៃ និងលទ្ធផលដ៏ត្រចះត្រចង់នេះ ស្តែងឲ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ការយកចិត្តទុកដាក់ និងភាពប៉ិនប្រសប់របស់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។សម្រួលអត្ថបទ×ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន