កម្លាំងនគរបាលស្រុកសំពៅលូនស្រាវជ្រាវបំបែករឿងក្តីលួចទូរសព្ទយ៉ាងរហ័ស ឃាត់ខ្លួនចោលដៃឆាតម្នាក់នឹងដកហូតទូរសព្ទបានមកវិញចំនួន៤គ្រឿង

​ខេត្តបាត់ដំបង÷ប្រតិបត្តិការយ៉ាងស្រួចស្រាវ និងប្រកបដោយជំនាញខ្ពស់ ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកសំពៅលូន បានបំបែកករណីចោរកម្មបានយ៉ាងឆាប់រហ័ស ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានមកវិញនូវទូរស័ព្ទដៃចំនួន ៤គ្រឿង ជូនជនរងគ្រោះវិញ។
​ហេតុការណ៍លួចនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ០២:១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចម្ការស្វាយ (ក្រុមទី៩ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង)។ ជនរងគ្រោះទាំង ២នាក់ រួមមានឈ្មោះ អិង វណ្ណយ៉ាន អាយុ ២៣ឆ្នាំ និងឈ្មោះ ស្រេង សុខលិន អាយុ ២៦ឆ្នាំ បានសាកថ្មទូរស័ព្ទដៃម៉ាក iPhone 12 Pro Max និង iPhone 11 Pro Max ទុកក្រោមអង្រឹង ហើយសម្រាកលក់ លុះដល់ម៉ោង ០៦:០០ ព្រឹក ទើបភ្ញាក់ដឹងខ្លួនថាទូរស័ព្ទត្រូវចោរលួចបាត់ស្រមោល។
​ភ្លាមៗបន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះពិនិត្យទីតាំងកើតហេតុយ៉ាងយកចិត្តទុកដាក់។ ទោះបីជាជនសង្ស័យបន្សល់ទុកតម្រុយតិចតួចយ៉ាងណាក៏ដោយ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងភាពស្ទាត់ជំនាញ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការគ្នាយ៉ាងស្អិតរមួតជាមួយកម្លាំងប៉ុស្តិ៍ រហូតកំណត់មុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃដដែល នៅចំណុចភូមិអូរថ្ម។
​ជនសង្ស័យមានឈ្មោះ ហ៊ន សិភាព អាយុ ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិផុត ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ តាមរយៈការឆែកឆេរ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃសរុបចំនួន ០៤គ្រឿង៖ iPhone 12 Pr0Maxពណ៌ខ្មៅ ចំនួន ០១គ្រឿង (របស់ជនរងគ្រោះ)iPhone 11Pro Max ពណ៌ស្លែ ចំនួន ០១គ្រឿង (របស់ជនរងគ្រោះ)
​OPPO ពណ៌ផ្ទៃមេឃ ចំនួន ០១គ្រឿង
TEVNOពណ៌បៃតង ចំនួន ០១គ្រឿង
​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចទូរស័ព្ទ iPhone ទាំង ២គ្រឿងពីចំណុចកើតហេតុខាងលើប្រាកដមែន។ បន្ថែមពីនេះ ជនសង្ស័យក៏បានសារភាពទៀតថា ទូរស័ព្ទ ០២គ្រឿងផ្សេងទៀត (OPPO និង TECNO) គឺរូបគេបានលួចចេញពីក្នុងរោងចម្ការ ស្ថិតក្នុងភូមិបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈពេលម្ចាស់កំពុងដេកលក់ដូចគ្នា។
​ប្រតិបត្តិការលឿនដូចផ្លេកបន្ទោរនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពស្វាហាប់ និងវិជ្ជាជីវៈខ្ពស់របស់កម្លាំងនគរបាលខេត្តបាត់ដំបង ក្នុងការការពារសុខសុវត្ថិភាព និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» យ៉ាងមានប្រសិទ្ធភាព និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនក្នុងមូលដ្ឋាន៕សម្រួលអត្ថបទ÷ដោយ លោកមុត ចិត្រា ប្រម៉ាញ់ជាយដែន