ខេត្តប៉ៃលិន÷ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការចុះឡោមព័ទ្ធ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scam) ចំនួន ២កន្លែង ស្ថិតនៅចំណុចរីស៊តតំបន់ដាច់ស្រយាលក្បែរជើងភ្នំ ក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន និងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ រកឃើញ និងឃាត់ខ្លួនជនបរទេសសរុបចំនួន ៤៦នាក់(ស្រី៧នាក់) ព្រមទាំងរឹបអូសបានសម្ភារ និងឧបករណ៍បម្រើឱ្យសកម្មភាពប្រព្រឹត្តបទល្មើសមួយចំនួន។
ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងស្របតាមគោលនយោបាយ និងឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលុបបំបាត់ និងប្រឆាំងដាច់ខាតចំពោះបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តអនុវត្តនីតិវិធីច្បាប់ ដើម្បីបញ្ជូនខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធទៅកាន់តុលាការ ផ្តន្ទាទោសតាមច្បាប់ជាធរមាន ព្រមទាំងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតវិញ៕ដោយ លោក ស សារឿន


