ខេត្តបន្ទាយមានជ័យ÷ ក្រោមការចង្អុលបង្ហាញ និងបទបញ្ជាម៉ឺងម៉ាត់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានទៅដល់ការបំបែកសំណុំរឿងឃាតកម្ម និងចាប់ខ្លួនជនសង្ស័យជាជនជាតិថៃជាបន្តបន្ទាប់។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ០៣:១៧នាទី រំលងអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានករណីឃាតកម្មបាញ់ប្រហារមួយបានកើតឡើង។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០២នាក់ ជិះម៉ូតូ Honda PCX ពណ៌ស បានប្រកបដោយអាវុធខ្លី ដេញបាញ់ប្រហារទៅលើជនរងគ្រោះឈ្មោះ ជូសុវ៉ាន់ថងឆៃ(Jusuwan Thongchai)ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិថៃ ខណៈពេលកំពុងជិះម៉ូតូ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
លលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាប
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកអនុប្រធាននាយកដ្ឋានរួមមាន លោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ានីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និង វរសេនីយ៍ឯក ឆាន់ គឹមលី កម្លាំងជំនាញបានស្រាវជ្រាវតាមប្រព័ន្ធជំនាញយ៉ាងស្វាហាប់។
ជាលទ្ធផល នៅវេលាម៉ោង ១៨:២០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ រ៉ារ៉ាត់ ថងម៉ន(Porawat Thong Hmon) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន÷
អាវុធខ្លីចំនួនន ០២ដើម បង់បាញ់ចំនួន ០២បង់
ប្រតិបត្តិការបង្ក្រាបបានទាន់ពេលវេលានេះ បានស្តែងឱ្យឃើញពីសមត្ថភាព និងការទទួលខុសត្រូវខ្ពស់របស់កម្លាំងនគរបាលជាតិកម្ពុជា ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕
សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់គេដែរ



