ភ្នំពេញ ៖ “ជាងពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងក្រោយកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់» ដែលបានបង្កការព្រួយបារម្ភអំពីការអនុវត្តបទឈប់បាញ់ អនុព័ន្ធយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប”។ នេះជាការលើកឡើង របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញយ៉ាងច្បាស់នូវស្ថានភាពពិតនៅលើដី និងក្លាយជាសក្ខីភាពអន្តរជាតិចំពោះផលវិបាកដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនោះ យោធាថៃបានព្យាយាមវាយលុក និងកាន់កាប់តំបន់អានសេះ ប៉ុន្តែមិនអាចសម្រេចគោលបំណងបានឡើយ៕


