សង្ស័យមានការបើកដៃ សកម្មភាពដឹកទំនិញកិច្ចពន្ធទ្រង់ទ្រាយធំ តាមច្រករបៀងសំយ៉ោងកំពុងបំផ្លាញផ្លូវជាតិ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ

​ខេត្តស្វាយរៀង× សកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនដែលសង្ស័យថាជា “ទំនិញគេចពណ៌ និងទំនិញលោតឆ័ត្រ”
កំពុងតែកើតមានឡើងយ៉ាងគគ្រឹកគគ្រេង និងស្ទើរតែគ្មានការកោតក្រែងច្បាប់ នៅចំណុចច្រករបៀងសំយ៉ោង ស្ថិតក្នុងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបណ្តែតបណ្តោយ និងសង្ស័យថាមាន «ការត្រូវរ៉ូវគ្នា» រវាងក្រុមឈ្មួញ និងសមត្ថកិច្ចជំនាញនៅតំបន់ព្រំដែននោះ។ ល្បិចក៏តេទំនិញនិងយន្តការជាន់ស៊ីវិល ចចាំប្រមូលលុយ ​តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន (សុំមិនបញ្ចេញឈ្មោះ) បានឱ្យដឹងថា  ថ្ងៃមានរថយន្តធុនធ្ងន់ប្រភេទយីឌុប និងវ៉េអងចំណុះពី ៤៥ទៅ ៥០តោន ប្រមាណពី ៥ ទៅ ៦ គ្រឿងក្នុងមួយថ្ងៃ (ស្មើនឹងប្រមាណជាង ១៥០ គ្រឿងក្នុងមួយខែ) បានដឹកទំនិញប្រកបដោយមន្ទិលសង្ស័យ ដូចជា៖
​ស្ករស ក្រណាត់ និងខោអាវគីប
​ទំនិញលោតឆ័ត្រ និងទំនិញបង្កប់ផ្សេងៗទៀត
​ទំនិញទាំងនេះត្រូវបានដឹកជញ្ជូនយកទៅបិទទ្វារឃ្លាំងស្តុកនៅជិត ប៉ុស្តិ៍នគរបាលវីរៈការពារព្រំដែនលេខ៦០៩ (ក្រោមការគ្រប់គ្រងរបស់លោក រស់ ភឿន មេប៉ុស្តិ៍ច្រករបៀងសំយ៉ោង) រួចផ្ទេរប្រញាប់ប្រញាល់ដាក់ចូលរថយន្ត និងត្រាក់ទ័រពាក់ស្លាកលេខវៀតណាម ដើម្បីដឹកបន្តចូលទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ។
​អ្វីដែលធ្វើឱ្យមហាជនដាក់សញ្ញាសួរនោះគឺអវត្តមាននៃការត្រួតពិនិត្យផ្លូវការពីមន្ត្រីគយនិងសមត្ថកិច្ចជំនាញ។ ផ្ទុយទៅវិញ គេបែរជាសង្កេតឃើញមាន “ក្រុមមនុស្សស្លៀកពាក់ស៊ីវិលត្រូវគេស្គាល់ថាជា ចៃគយ”
ចាំបោះទីតាំងប្រមូលប្រាក់ក្បាលរថយន្តពីក្រុមឈ្មួញទៅវិញ។ ទង្វើនេះត្រូវបានគេសង្ស័យថា ជាល្បិចកលក្នុងការ បាំងមុខ ដើម្បីគេចវេះពីការទទួលខុសត្រូវផ្នែកច្បាប់របស់មន្ត្រីជំនាញ ប្រសិនបើមានបាតុភូត ឬបទល្មើសណាមួយត្រូវបានបែកធ្លាយ។
ផលប៉ះពាល់ធ្ងន់ធ្ងរផ្លូវបាក់ស្រុតនិងសុខភាពប្រជាពលរដ្ឋ
​ការបណ្តែតបណ្តោយឱ្យរថយន្តដឹកទំនិញធុនធ្ងន់បើកបរហួសទម្ងន់កម្រិតកំណត់បែបនេះ មិនត្រឹមតែធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបង្កើតជាទុក្ខវេទនាផ្ទាល់ដល់ប្រជាពលរដ្ឋ៖ ហេដ្ធារចនាសម្ព័ន្ធផ្លូវថ្នល់
​ ផ្លូវលំ និងផ្លូវក្រាលកៅស៊ូត្រូវស្រុត ខូចខាត បែកបាក់ក្លាយជាដីល្បាប់រអិល និងរបើកថ្ម ដែលបង្កផលវិបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ ជាពិសេសការដឹកជញ្ជូនកសិផលក្នុងរដូវច្រូតកាត់។
​ផលប៉ះពាល់សុខភាព សំឡេងម៉ាស៊ីនរថយន្ត និងដីហុយទ្រហឹងពេញភូមិទាំងយប់ទាំងថ្ងៃ បាននិងកំពុងរំខានដល់ការរស់នៅ និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវដង្ហើមរបស់មនុស្សចាស់ និងកុមារ។
​អង្គភាពសារព័ត៌មានយើងខ្ញុំសូមធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង និងជម្រាបជូនព័ត៌មានពិតប្រាកដចេញពីមូលដ្ឋាន ក្នុងន័យ រិះគន់ដើម្បីស្ថាបនា និងដើម្បីការពារផលប្រយោជន៍ជាតិ។
​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ និងមហាជន សូមអំពាវនាវយ៉ាងទទូចដល់៖
ឯកឧត្តមអភិបាលខេត្តស្វាយរៀងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
​មេត្តាចាត់វិធានការស្រាវជ្រាវ និងទប់ស្កាត់សកម្មភាពខាងលើនេះឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងពិនិត្យមើលភាពស្មោះត្រង់ និងការទទួលខុសត្រូវរបស់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចប្រចាំការនៅច្រករបៀងសំយ៉ោងនេះឡើងវិញ។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ រៀងម៉ោង់ធ្វើការដើម្បីធានាតម្លាភាព និងភាពត្រឹមត្រូវតាមក្រមសីលធម៌សារព័ត៌មាន។សូមអរគុណ