ភ្នំពេញ÷ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌ៧មករា បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនចំនួន ០៣ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ៨នាក់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងចំណោមជនសង្ស័យទាំង ៨នាក់នោះ ៦នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ចំណែកឯ ២នាក់ទៀត ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែស្តារនីតិសម្បទា និងផ្តាច់សារធាតុញៀន។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច ប្រតិបត្តិការបង្ក្រាបទាំង ០៣ករណីនេះ រួមមាន៖ ករណីទី១.បង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន៦នាក់
កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលលេខ១២ ជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់ជួលមួយកន្លែងទៀត ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ការឃាត់ខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីមានការសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចលើផ្លូវមហាវិថីសំរោង ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
វត្ថុតាងដករហូតបានរួមមាន÷
គ្រឿងញៀនក្រាមសថ្លាចំនួន ១០កញ្ចប់, ដបសម្រាប់ប្រើប្រាស់គ្រឿងញៀន ០២, ដាវកែច្នៃ ០១ដើម រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ ករណីទី២.ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ហិង្សាក្នុងគ្រួសារនៅខណ្ឌ៧មករា
តាមរយៈលេខទូរស័ព្ទមានទាន់ហេតុការណ៍ (Hotline) ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ០៧៖៣០នាទីព្រឹក មានប្រជាពលរដ្ឋបានរាយការណ៍ និងប្តឹងថា មានបុរសម្នាក់ឈ្មោះ គង់ ណារ៉ុង អាយុ ៣៤ឆ្នាំ មានសភាពបែកថ្នាំ ញៀនគ្រឿងញៀន ដើរអុកឡុក និងបង្កហិង្សាយ៉ាងខ្លាំងនៅក្នុងគ្រួសារ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះលេខ១៣៥E២ ផ្លូវលេខ២១៧ ភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ ភ្លាមៗក្រោយទទួលបណ្តឹង កម្លាំងអាវុធហត្ថខណ្ឌ៧មករា បានចុះអន្តរាគមន៍ដល់ទីតាំង និងឃាត់ខ្លួនជនបង្កបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានដើម្បីបន្តនីតិវិធី។ ករណីទី៣.អន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ទៀតនៅខណ្ឌមានជ័យ
នៅថ្ងៃដដែល វេលាម៉ោង ០៩៖០០នាទីព្រឹក អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយករណីទៀតតាមរយៈលេខទូរស័ព្ទ ១២៩១ ដោយប្រជាពលរដ្ឋរាយការណ៍ពីករណីបុរសឈ្មោះ ម៉ម វិសាល អាយុ ៣៨ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារ ដូចគ្នានៅចំណុចផ្ទះលេខ០៣៣ ផ្លូវលេខ៣១BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ។ ក្រោយទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនបង្ករូបនេះភ្លាមៗ ដើម្បីយកមកចាត់ការតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំងឡាយ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំកសាងសំណុំរឿង និងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕សម្រួលអត្ថបទ÷ដោយលោក មុតចិត្រា ហៅ ប្រម៉ាញ់ជាយដែន

