សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីប្រទេសថៃ មួយកន្លែង នៅក្រុងប៉ោយប៉ែត ជារបស់មន្ត្រីនគរបាលម្នាក់បម្រើការនៅអង្គភាព វរៈការពារព្រំដែនលេខ ៨៩១ 

តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញសារព័ត៌មានក្នុងស្រុកកាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ជាមួយរថយន្ត ៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី គង់ រិទ្ធា និងមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត  បានសហការជាមួយ កម្លាំងកងពលតូចថ្មើរជើងលេខ ៥១ សម្របសម្រួលដោយ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើសនាំទំនិញឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ នៅភូមិគ្រឹះ១កន្លែង  ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបនេះ ធ្វើឡើងក្រោយពីទទួលបានព័ត៌មានសម្ងាត់  មានការនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ខណៈព្រំដែនកម្ពុជា–ថៃ មានវិធានការបិទ។

បើតាមរបាយការណ៍  ករណីនេះពាក់ព័ន្ធទៅនឹងលោកវរសេនីយ៍ទោ ពៅ វុទ្ធី (ហៅ ធីស្នា) មានតួនាទីជាមេបញ្ជាការរង វរៈសេនាតូច លេខ ៨៩១ ដែលត្រូវសង្ស័យជាអ្នករៀបចំ  នាំទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។

កម្លាំងចម្រុះបង្រ្កាបដកហូតបានវត្ថុតាង រួមមាន៖

-គ្រឿងក្រអូបចម្រុះ ចំនួន ៥៥កេស
-ទូកស្មាច់ ចំនួន ១
-រថយន្ត ចំនួន ២គ្រឿង

លោក ពៅ វុទ្ធី( ហៅធីស្នា) បានរត់គេចខ្លួន ខណៈពេលកម្លាំងសមត្ថកិច្ច.ចម្រុះចូលធ្វើសកម្មភាព។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍នីតិវិធីតាមច្បាប់បន្ត។

សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងស្វែងរកអ្នកសង្ស័យពាក់ព័ន្ធ ដើម្បីអោយទទួលខុសត្រូវចំពោះច្បាប់។