ខេត្តកំពង់ស្ពឺ÷ថ្មីៗនេះ ប្រជាពលរដ្ឋ និងមហាជនជាច្រើន បានសម្តែងការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពចាក់ដី និងគ្រួសរំលោភចូលទៅក្នុងដងស្ទឹងព្រែកត្នោតប្រវែងរាប់ម៉ែត្រ ដែលស្ថិតនៅប៉ែកខាងត្បូងនៃទ្វារទឹករលាំងជ្រៃ ក្នុងភូមិសាស្ត្រឃុំកហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សកម្មភាពល្មើសច្បាប់ស្តែងៗនេះ កំពុងតែបន្តកើតមានឡើងដោយមិនមានការរារាំង ឬអន្តរាគមន៍ទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាននោះឡើយ។
ទ្វារទឹករលាំងជ្រៃ គឺជាសំណង់ស្ទាក់ទឹក និងជាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៅលើដងស្ទឹងព្រែកត្នោត។ សំណង់ប្រវត្តិសាស្ត្រនេះដើរតួនាទីយ៉ាងគន្លឹះក្នុងការគ្រប់គ្រង និងបែងចែកប្រភពទឹកសម្រាប់បម្រើដល់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ អ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ វាគឺជាយន្តការយុទ្ធសាស្ត្រជាតិក្នុងការរំដោះទឹក ដើម្បីកាត់បន្ថយ និងទប់ស្កាត់គ្រោះទឹកជំនន់មិនឲ្យជន់លិចរាជធានីភ្នំពេញ ខេត្តកណ្តាល និងតំបន់ជុំវិញ។ ការរំលោភបំពានពីបុគ្គលខិលខូច ននិងមន្ទិលសង្ស័យលើចំណាត់ការអាជ្ញាធ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នភាពនៃដងស្ទឹងដ៏សំខាន់មួយនេះ កំពុងតែរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គលខិលខូចមួយចំនួន ដែលបាននិងកំពុងធ្វើសកម្មភាពចាក់ដីរំលោភយកផ្ទៃទឹកយ៉ាងរំភើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបង្ហាញថា សកម្មភាពចាក់ដី និងគ្រួសពង្រីកព្រំដែនដីគោកចូលទៅក្នុងដងស្ទឹងនេះ បានធ្វើឲ្យផ្លូវទឹកកាន់តែចង្អៀតទៅៗ។ មហាជនបានលើកឡើងជាមតិរួមថា តាមគោលការណ៍បច្ចេកទេស ផ្លូវទឹកកាន់តែធំ កាន់តែល្អសម្រាប់ការរំដោះទឹក។ ចុះបើបុគ្គលមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយហ៊ានចាក់ដីលុបដងស្ទឹងជាប់នឹងទ្វារទឹកបែបនេះ តើមិនខ្លាចបង្កើតជាមហន្តរាយដល់សង្គមជាតិទេឬ?
ករណីនេះបានបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជន ដោយពួកគេដាក់ការសង្ស័យថា ម្ចាស់ដីដែលកំពុងចាក់រំលោភបំពាននេះ ប្រហែលជាមិនមែនជាប្រជាពលរដ្ឋសាមញ្ញធម្មតានោះឡើយ ទើបអាចធ្វើសកម្មភាពបែបនេះបាន ដោយអាជ្ញាធរមូលដ្ឋាន «មិនហ៊ានក្អក» ឬចុះហាមឃាត់ទាល់តែសោះ។ មតិខ្លះទៀតបានរិះគន់ចំៗក្នុងន័យស្ថាបនាថា នេះអាចជាករណី «ត្រូវដងត្រូវផ្លែ» ឬមានការបើកដៃពីមន្ត្រីខិលខូចនៅថ្នាក់ក្រោម ទើបសកម្មភាពល្មើសច្បាប់ស្តែងៗបែបនេះ អាចដំណើរការទៅបានយ៉ាងរលូន ដែលធ្វើឲ្យប្រជាពលរដ្ឋហួសចិត្ត និងដកដង្ហើមធំដោយលើកឡើងថា “នៅស្រុកខ្មែរ ឱ្យតែមានលុយ គឺធ្វើអ្វីក៏បានមែនដែរឬ”?
តាមការវាយតម្លៃផ្នែកបច្ចេកទេស និងបទពិសោធន៍កន្លងមក ការរួមតូចនៃផ្ទៃស្ទឹងនៅកៀកនឹងទ្វារទឹក នឹងបង្កើតជាផលប៉ះពាល់អវិជ្ជមានជាសង្វាក់ ដូចជា៖ ការស្ទះចរន្តទឹកជំនាន់ នៅពេលរដូវវស្សាមកដល់ បរិមាណទឹកភ្លៀងពីផ្នែកខាងលើនឹងហូរធ្លាក់មកយ៉ាងគំហុក។ បើផ្លូវទឹកត្រូវរួមតូច (បាតុភូតកដប) វានឹងបង្កើតជាសម្ពាធទឹកដ៏ខ្លាំង ធ្វើឲ្យទឹកហូរមិនទាន់ ដែលអាចបណ្តាលឲ្យជន់លិចតំបន់ខាងលើ និងបង្កជាគ្រោះថ្នាក់បាក់ទំនប់ជាយថាហេតុ។
ការប្រែប្រួលចរន្តទឹក និងការចាក់ដីមិនរៀបរយអាចធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធបាតស្ទឹង និងលំនឹងនៃទ្វារទឹករលាំងជ្រៃផ្ទាល់តែម្តង។
ប្រសិនបើមិនមានប្រតិកម្មភ្លាមៗ ពីសំណាក់ប្រជាពលរដ្ឋ និងមហាជន ក៏ដូចជាសារព័ត៌មានទេនោះ ក្រុមបុគ្គលទាំងនោះនឹងបន្តចាក់ដីបន្ថែមទៀតនៅថ្ងៃខាងមុខ ដែលយូរនិងឆាប់ ស្ទឹងព្រែកត្នោតភាគខ្លះ នឹងត្រូវរលាយបាត់រូបរាងជាមិនខាន។
យោងតាមច្បាប់ភូមិបាល និងច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា ដងស្ទឹង ព្រែក បឹងបួ គឺជា”ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ” ដែលមិនអាចកាត់ឆ្វៀល លក់ ដូរ ឬចាក់ដីរំលោភធ្វើជាកម្មសិទ្ធិឯកជនបានឡើយ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ និងមហាជនគ្រប់ទិសទី សូមអំពាវនាវយ៉ាងទទូចដល់ ក្រសួងធនធានទឹកនិងឧតុនិយម
ក៏ដូចជា លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយចាត់មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចថ្នាក់ខេត្ត ចុះធ្វើអធិការកិច្ចជាបន្ទាន់ ដើម្បីពិនិត្យវាស់វែង និងមានវិធានការច្បាប់ក្តៅ ក្នុងការបង្ខំឲ្យកាយដី និងគ្រួសទាំងនោះចេញវិញ ដើម្បីបើកផ្លូវទឹក និងរក្សាការពារសម្បត្តិរដ្ឋដ៏មានតម្លៃមួយនេះ មុនពេលរដូវវស្សាចូលមកដល់ពេញទំហឹង ដែលអាចបង្កជាមហន្តរាយមិនអាចស្តារឡើងវិញបាន។
ការបញ្ជាក់ពីអង្គភាពសារព័ត៌មាន÷
អង្គភាពគេហទំព័រ “ប្រម៉ាញ់ជាយដែន tv”
យើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងន័យដើរតួជាកញ្ចក់ឆ្លុះបញ្ចាំង និងរិះគន់ក្នុងន័យស្ថាបនា ដើម្បីជម្រាបជូនមហាជន និងថ្នាក់ដឹកនាំជ្រាបជាព័ត៌មានអំពីព្រឹត្តិការណ៍ដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ យើងខ្ញុំសូមរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ ស្របតាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ!

