ខេត្តបាត់ដំបង÷ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងជំនាញបានបង្ហាញនូវស្នាដៃយ៉ាងត្រចះត្រចង់ ក្នុងការស្រាវជ្រាវតាមប្រមាញ់ និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម។ កិច្ចប្រតិបត្តិការដ៏ម៉ឺងម៉ាត់នេះ បានចាប់ផ្ដើមឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហង់ គឹមហុង ដែលត្រូវបានចោរលួចម៉ូតូនៅចំណុចមុខរោងភាពយន្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
មិនទុកឲ្យជនល្មើសមានឱកាសគេចខ្លួនយូរ សមត្ថកិច្ចអាវុធហត្ថបានធ្វើការស្រាវជ្រាវយ៉ាងក្ដៅគគុក៖ ជំហានទី ១ នៅថ្ងៃទី១១ ខែឧសភា កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រស់ ខេមរា (ហៅម៉ាន់) នៅសង្កាត់អូរចារ ក្រុងបាត់ដំបង។ ជំហានទី ២ កិច្ចសហការឆ្លងខេត្ត ដោយមានការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងអាវុធហត្ថខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែឧសភា សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបក្ខពួក ២នាក់បន្ថែមទៀត នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួមមាន៖ ឈ្មោះ ពិ សសិដ្ឋពន្លឺ (ជនដៃដល់ដែលធ្វើសកម្មភាពលួច) ឈ្មោះ សាន់ ប៉ែត (អ្នកទទួលផលចោរកម្ម) វត្ថុតាងដែលកម្លាំងជំនាញដករហូតបានរួមមាន÷ ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនធំ ដែលជនសង្ស័យបានបំបែកគ្រឿង និងលាក់ទុក រួមមាន៖ ម៉ូតូ ០១គ្រឿង និងស្លាកលេខម៉ូតូ ០១។ គ្រឿងបន្លាស់ម៉ូតូជាច្រើន (របាំងច្រវ៉ាក់, អាវកាក់ម៉ូតូ, របាំងក, ស្រទបកណ្តាល)។ ទូរស័ព្ទដៃចំនួន ០២គ្រឿង។ មហាជនក្នុងខេត្តបាត់ដំបង បានសម្តែងនូវការត្រេកអរ និងកោតសរសើរមិនដាច់ពីមាត់ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់កម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានបំពេញភារកិច្ចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពបំផុត។ បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ សម្រួលអត្ថបទដោយ លោក មុត ចិត្រា ប្រម៉ាញ់ ជាយដែន

