ខេត្តបាត់ដំបង÷ បញ្ហានាំចូលទុរេនពីប្រទេសថៃដោយខុសច្បាប់ តាមរយៈច្រកព្រំដែនក្នុងខេត្តបាត់ដំបង កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ បន្ទាប់ពីមានការទម្លាយការពិតពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អា ឡែន» (ឈ្មោះពិត លឿន សាក់ឡែន) ថាតើអាជ្ញាធរ និងមន្ត្រីជំនាញ ជាពិសេសមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង ដែលមហាជនបានដាក់រហស្សនាមថា “មន្ត្រីគ្រាប់ល្ពៅស្ងោរ” នឹងមានចំណាត់ការបែបណា ចំពោះមុខការកុហកបោកប្រាស់មហាជនកន្លងមក? ហហេតុការណ៍ផ្ទុះការសង្ស័យនិងការសារភាពរបស់ម្ចាស់គណនីរឿងរ៉ាវនេះបានចាប់ផ្តើមនៅពេលដែលមានការផ្សព្វផ្សាយ និងការទម្លាយសារសំឡេងនៅលើបណ្ដាញសង្គម ដោយបញ្ជាក់ច្បាស់ថា ផ្លែទុរេនដែលដាក់លក់នៅផ្សារភូពុយ ខេត្តបាត់ដំបង គឺត្រូវបាននាំចូលពីប្រទេសថៃ តាមច្រកកាប៊ីន។ ប៉ុន្តែផ្ទុយទៅវិញ មុនពេលការសារភាពនេះ មន្ត្រីជំនាញបានអះអាង និងផ្សព្វផ្សាយប្រាប់មហាជនថា ទុរេនទាំងនោះនាំមកពីខេត្តកំពង់ចាម ដែលជាហេតុធ្វើឱ្យមហាជនផ្ទុះកំហឹង និងចោទប្រកាន់ថា មន្ត្រីជំនាញកំពុងលាក់បាំងការពិត និងមានចេតនាបោកប្រាស់សាធារណជន។
យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ បានបញ្ជាក់ថា ម្ចាស់គណនីឈ្មោះ ព្រឿន សាក់ឡែន បានចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច ដោយបានសារភាពថា ៖
ទំហំនៃការនាំចូល÷ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ គាត់បានទិញទុរេនពីជនជាតិថៃចំនួន ៣ លើក ដែលមានទម្ងន់ប្រមាណ ២,០០០ គីឡូក្រាម។
របៀបនៃការដឹកជញ្ជូន÷ ឈ្មួញនៅប្រទេសថៃបានរៀបចំផ្ញើមកតាមព្រំដែនច្រកកាប៊ីន ហើយគាត់បានទទួលទំនិញទាំងនោះ មុននឹងបញ្ជូនបន្តទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ដោយគាត់ផ្ទាល់មិនបានដឹងពីមធ្យោបាយនៃការឆ្លងដែនច្បាស់លាស់នោះទេ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងអនុវត្តតាមនីតិវិធីច្បាប់។ការចោទសួរនិងការទាមទាររបស់មហាជនចំពោះ”មន្ត្រីគ្រាប់ល្ពៅស្ងោរ”ការបកស្រាយទាំងនេះ បានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ដោយលើកឡើងនូវចំណុចសំខាន់ៗដែលទាមទារឱ្យមានការស៊ើបអង្កេត៖
ការអះអាងពីមុនមកថាទុរេនមកពីខេត្តកំពង់ចាម គឺជាការកុហកដើម្បីបិទបាំងភាពមិនប្រក្រតីនៃការនាំចូលទំនិញពីប្រទេសជិតខាង។
តើហេតុអ្វីបានជាមន្ត្រីក.ប.ប.ខេត្តបាត់ដំបង មិនបានត្រួតពិនិត្យឱ្យបានម៉ត់ចត់នូវរាល់ទំនិញ និងកសិផលដែលឆ្លងកាត់ព្រំដែន? ការបណ្តែតបណ្តោយបែបនេះ បង្ហាញពីកង្វះសមត្ថភាព ឬអាចមានការឃុបឃិតណាមួយ?
“ក្រៅពីការចេះដោះសារ និងភូតភរមហាជនតើមន្ត្រីជំនាញ កបប នៅខេត្តបាត់ដំបងចេះក្បាច់អ្វីផ្សេងទៀត ដើម្បីការពារទីផ្សារក្នុងស្រុកនិងសុខភាពពលរដ្ឋ”
មតិមហាជនលើបណ្ដាញសង្គមសំណើទៅកាន់ ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់រាល់បទល្មើសសេដ្ឋកិច្ច និងការនាំចូលទំនិញខុសច្បាប់តាមព្រំដែន ប្រជាពលរដ្ឋបានដាក់ក្តីសង្ឃឹម និងស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចខាងក្រោម៖ ជូនចំពោះ ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
សូមមេត្តាជួយពង្រឹង និងរឹតបន្តឹងការត្រួតពិនិត្យរបស់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់នៅតាមបណ្ដោយព្រំដែន ដោយក្តីអនុគ្រោះ ដើម្បីទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវពីប្រទេសថៃ។
ជូនចំពោះ លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សូមមេត្តាជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវការអនុវត្តការងាររបស់មន្ត្រី ក.ប.ប. ខេត្តបាត់ដំបង ដែលបានបណ្តោយឱ្យមានការកុហកបោកប្រាស់មហាជន។
មហាជនទាំងមូលកំពុងរង់ចាំមើលចំណាត់ការ និងការទទួលខុសត្រូវពីស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់យុត្តិធម៌ និងធានាដល់សុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។




