ខេត្តបន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបានចែកមួកសុវត្ថិភាពដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរនៅចំណុចស្តុបអេស៊ីលីដា តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ សកម្មភាពសំខាន់ៗក្នុងយុទ្ធនាការចែកមួកសុវត្ថិភាព លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងចុះចែកមួកសុវត្ថិភាពចំនួន ៥០មួក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកវរសេនីយ៍ទោ ព្រហ្មពិ សិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។
ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ លោកអនុសេនីយ៍ឯក ស៊ិន ដូនី នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានដឹកនាំមន្ត្រីចុះពន្យល់ និងណែនាំបងប្អូនអ្នកធ្វើដំណើរឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។ ការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជន ក្រៅពីការផ្សព្វផ្សាយច្បាប់ចរាចរណ៍ កម្លាំងនគរបាលរួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ក៏បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្សារសំខាន់ៗ រួមមាន៖ ផ្សារសមាគមដីថ្មី ផ្សារត្រីប៉ោយប៉ែត ផ្សារអគារថ្មីនិងផ្សារកណ្ដាល។ អាជីវករត្រូវបានណែនាំឱ្យរៀបចំការលក់ដូរឱ្យមានរបៀបរៀបរយ ជៀសវាងការរំលោភលើចិញ្ចើមផ្លូវ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍។ ជាចុងក្រោយ លោកអធិការរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ គោរពច្បាប់ចរាចរណ៍និងការពារអាយុជីវិតខ្លួនឯងនិងក្រុមគ្រួសារ។ អត្ថបទ÷ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន

