កងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បង្ហាញពីទឹកចិត្តមេត្តាធម៌ ចុះសួរសុខទុក្ខនិងផ្ដល់អំណោយដល់ពលរដ្ឋដែលមានជំងឺ

បាត់ដំបង÷ស្រុកសំពៅលូនក្រោមស្មារតី “កងទ័ពនិងប្រជាជន គឺនៅជាមួយគ្នាគ្រប់កាលៈទេសៈ” នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី លោក វរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការផ្នែកសឹករងស្រុកសំពៅលូន បានដឹកនាំលោកមេបញ្ជាការរង និងកងកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋានរបស់ លោក ធាម ធា ដែលជាប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺលើសឈាម ស្ថិតក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន។
​សកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ជីវៈនិងគុណធម៌ដ៏ខ្ពង់ខ្ពស់ របស់កងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែមានភារកិច្ចការពារជាតិមាតុភូមិនោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៀតផង។
​ក្នុងឱកាសសួរសុខទុក្ខនោះ លោកមេបញ្ជាការ ក៏បាននាំយកនូវអំណោយសប្បុរសធម៌ រួមមាន៖
​អង្ករ ០១ ការ៉ុង
​មី ០២ កេសធំ
​ទឹកសុទ្ធ ១០ យួរ
ថវិការឧបត្ថម្ភ ១,០០០,០០០ (មួយលាន) រៀល
​លោកវរសេនីយ៍ត្រី ឈឹម សំណាង ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកជំងឺ ឱ្យខិតខំថែទាំសុខភាពតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយឡើងវិញ។
​សកម្មភាពមនុស្សធម៌នាពេលនេះ មិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារលោក ធាម ធា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀតផងដែរ៕
ដោយ មុត ចិត្រា ប្រម៉ាញ់ ជាយដែន