អាជ្ញាធរ ស្រុកពញាឮ រងការរិះគន់ថា~ធ្មេច~ភ្នែក~បណ្ដោយឲ្យមានការចាក់ដីរំលោភច្រាំងទន្លេនិងសាងសង់សំណង់រឹងមាំយ៉ាងអនាធិបតេយ្យ

​ខេត្តកណ្ដាល÷ កំពុងមានការរិះគន់យ៉ាងខ្លាំងពីមហាជនជុំវិញករណីសំណង់រឹងមួយកន្លែង ដែលបាននិងកំពុងបុកគ្រឹះ ចាក់ដីរំលោភចូលច្រាំងទន្លេមេគង្គ ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។ សកម្មភាពនេះកំពុងរងការសង្ស័យថា អាចជាការសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ឬមានការបិទភ្នែកពីសំណាក់អាជ្ញាធរមូលដ្ឋាន ខណៈដែលដីច្រាំងទន្លេគឺជាសម្បត្តិសាធារណៈរបស់រដ្ឋ។

​ផ្អែកលើទិដ្ឋភាពច្បាប់ សកម្មភាពសាងសង់ខាងលើហាក់កំពុងដើរផ្ទុយពីបទដ្ឋានគតិយុត្តជាធរមាន រួមមាន៖

​ច្បាប់ស្ដីអំពីសំណង់÷ មាត្រា ២៦ និង ៣៨ ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានពីអាជ្ញាធរមានសមត្ថកិច្ច។
អនុក្រឹត្យលេខ ២២៤ អ ន ក្រ. បក÷ស្តីពីលិខិតអនុញ្ញាតសាងសង់ ដែលកំណត់យ៉ាងច្បាស់ពីនីតិវិធីនៃការសុំច្បាប់មុននឹងដំណើរការសាងសង់។
អនុក្រឹត្យលេខ៩៨អនក្រ.បក÷ ស្តីពីការគ្រប់គ្រងអាងទន្លេ (មាត្រា ៨) ដែលហាមដាច់ខាតការសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

​ពាក់ព័ន្ធនឹងករណីនេះ លោក ថន សុវណ្ណា
អភិបាលស្រុកពញាឮ បានឆ្លើយតបយ៉ាងខ្លីថា លោកនឹងចាត់មន្ត្រីឱ្យចុះទៅពិនិត្យ។ ដោយឡែក លោក ប្រាក់ ឡាក់
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានបញ្ជាក់ថា លោកបានចាត់អនុប្រធានមន្ទីរឱ្យចុះទៅធ្វើការងារនេះហើយ។
​ទោះជាយ៉ាងណា អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លោកមេឃុំកំពង់អុស ហាក់មានចេតនាគេចវេសមិនផ្តល់ការបំភ្លឺដល់សារព័ត៌មានឡើយ ទោះបីជាបានទទួលដំណឹងតាមប្រព័ន្ធ Telegram រួចហើយក៏ដោយ។ ភាពស្ងៀមស្ងាត់នេះបានបង្កជាសំណួរថា តើអាជ្ញាធរមូលដ្ឋានមានការពាក់ព័ន្ធ ឬទទួលបានផលប្រយោជន៍អ្វីពីសំណង់នេះដែរឬទេ?

​ក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម អង្គភាពសារព័ត៌មានយើងខ្ញុំសូមគោរពស្នើសុំដល់៖ឯកឧត្តម គួច ចចំរើន  អភិបាលខេត្តកណ្តាល៖ មេត្តាជួយអន្តរាគមន៍ និងចាត់មន្ត្រីអធិការកិច្ចចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីការពារដីចំណីទន្លេដែលជាសម្បត្តិរដ្ឋដោយក្តីអនុគ្រោះផងទាន។
ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធាន ទឹកនិងឧតុនិយម។ ចាត់មន្ត្រីជំនាញពិនិត្យមើលផលប៉ះពាល់ដល់ចរន្តទឹក និងច្រាំងទន្លេ។

ឯកឧត្តមបសាយ សំអាល់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ មេត្តាពិនិត្យលើបច្ចេកទេសសាងសង់ និងភាពស្របច្បាប់នៃសំណង់រឹងនេះដោយក្តីអនុគ្រោះ។

​មហាជនសង្ឃឹមថា អាជ្ញាធរនឹងមិនបណ្តោយឱ្យបុគ្គលមានអំណាច ឬមានទ្រព្យសម្បត្តិ ប្រើប្រាស់ឥទ្ធិពល រំលោភបំពានច្បាប់ស្រេចតែអំពើចិត្តនោះឡើយ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌សង្គម។សូមអរគុណ ដោយ វង់ សុខរដ្ឋា  ប្រមាញ់ ហៅ ប្រម៉ាញ់០១