ក្តៅៗ ឃាត់ខ្លួនឃាតករដៃឆៅកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សាយ នៅ កំពង់ស្ពឺ រួចរត់គេចខ្លួនមិនដល់ ២៤ម៉ោងផងត្រូវជាប់ខ្នោះ

​កំពង់ស្ពឺ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវឃោឃៅ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។

ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងកាលពីវេលាម៉ោង ២០:៣០នាទី យប់ថ្ងៃទី០៤ ខែមីនា នៅលើផ្លូវលំក្នុងភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង។ ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ពៅឃន ភេទស្រី អាយុ ៥៦ឆ្នាំ ត្រូវបានឃាតករប្រើកាំបិតផ្គាក់កាប់ចិញ្ច្រាំលើ ក ក្បាល និងដៃទាំងសងខាង (ដាច់កដៃខាងស្តាំ) បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។
​ក្រោមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ខឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃុត សុផល សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី។

ជនដៃដល់មានឈ្មោះ ស៊ុនសុភ័ក្រ(ហៅឈីង)ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុជាមួយជនរងគ្រោះ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសាររឿង គុំនំ។
​វត្ថុតាងដែលសមត្ថកិច្ចដកហូបបានរួមមាន÷
​កាំបិតផ្គាក់ (អាវុធធ្វើសកម្មភាព) ចំនួន ០១ដើម
​សម្លៀកបំពាក់ដែលជនសង្ស័យស្លៀកនៅពេលធ្វើសកម្មភាព (អាវក្រឡាការ៉ូ និងខោខូវប៊យ)។
​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕ ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន